នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសានេះ ក្រុមហ៊ុនរបស់ចិន BYD Company Limited បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
BYD Cambodia បានបញ្ជាក់ថា បន្ទាប់ពីសាងសង់រួច រោងចក្រ 𝗕𝗬𝗗 នឹងក្លាយជារោងចក្ររថយន្តអគ្គិសនី 𝗕𝗬𝗗 ដ៏ធំបំផុត និងជារោងចក្រដំបូងគេនៅកម្ពុជា ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់ក្រុមហ៊ុន 𝗕𝗬𝗗។ សមិទ្ធផលដ៏អស្ចារ្យនេះនឹងបង្កើតប្រវត្តសាស្រ្តថ្មីសម្រាប់ប្រទេសកម្ពុជា។


រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកនេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
ថ្លែងក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូ CDC ទៅគោះទ្វារវិនិយោគដោយផ្ទាល់ ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន ប្រទេសចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC