សម្តេច ហ៊ុន ម៉ាណែត បានថ្លែងគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បើទោះរងផលប៉ះពាល់ក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូន កម្មករ-កម្មការិនី ជាប្រចាំ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ឱ្យបានសមរម្យ និងរស់នៅដោយភាពថ្លៃថ្នូរ។
ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកប ដោយចីរភាពនិងភាពធន់” កាលព្រឹកថ្ងៃទី២៧ ខែមេសា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគិតគូរគ្រប់យ៉ាង តាំងពីកម្មករមានផ្ទៃពោះរហូតដល់កូនកើតចេញមក កើតចេញមកហើយនៅតែជួយឧបត្ថម្ភទៀត និងដំឡើងប្រាក់ខែរាល់ឆ្នាំជូនកម្មករ-កម្មការិនី ខុសពីប្រទេសមួយចំនួនគេបានផ្អាកដំឡើងប្រាក់ខែជូន កម្មករ-កម្មការិនី ដោយសារចរន្តសេដ្ឋកិច្ចពិភពលោកនិងក្នុងប្រទេសរបស់គេរងផលប៉ះពាល់។


សម្ដេចមានប្រសាសន៍៖ «អ្វីដែលជាចំណុចគន្លឹះនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំដែលយើងប៉ះពាល់បញ្ហាទាំងកូវីដផង ទាំងសេដ្ឋកិច្ចផង កម្ពុជាមិនដែលអាក់ខានក្នុងការដំឡើងបៀវត្សរ៍ជូនកម្មករកម្មការិនីទេ មែនទេ? តែងតែឡើងជានិច្ច ប្រទេសនៅជិតខាងយើងក្នុងតំបន់ រួមទាំងប្រទេសមួយចំនួនដែលប្រកួតប្រជែងការនាំចេញឥវ៉ាន់ដូចគ្នា ពេលខ្លះ គេបានផ្អាក ក្នុងប៉ុន្មានឆ្នាំនេះ ឆ្នាំខ្លះគេផ្អាក មិនដំឡើងប្រាក់ខែនៅស្រុកគេ តែកម្ពុជាយើងតិចច្រើនយើងដំឡើងជានិច្ច ជូនបងប្អូនរបស់យើង នេះជាសុឆន្ទៈរបស់រាជរដ្ឋាភិបាល»។
សូមជម្រាបថា តួលេខរបស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន ២០៨ដុល្លារអាម៉េរិក ប្រសិនបើបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុត ចន្លោះពី ២២៥ដុល្លារអាម៉េរិក ដល់ ២៣៦ដុល្លារអាម៉េរិកក្នុងមួយខែ៕
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី