គម្រោងស្នើសុំចុះបញ្ជីវិនិយោគទាំង ១៨ មានទុនសរុប ៣៦១លានដុល្លារនឹងចាក់បញ្ចូលក្នុងរាជធានីខេត្តចំនួន ៨

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៨គម្រោង ដែលនឹងត្រូវវិនិយោគក្នុងរាជធានីខេត្តចំនួន ៨ ។

លើបណ្តាញសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC  បានឲ្យដឹងថា គម្រោងវិនិយោគទាំង ១៨ ស្នើសុំចុះបញ្ជីវិនិយោគ មានទុនសរុបប្រមាណ ៣៦១លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៨.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ១គម្រោង, វិស័យឧស្សាហកម្មចំនួន ១៦គម្រោង និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង។ 

តាមដានជាមួយយើង៖ Million Times

គម្រោងវិនិយោគទាំង១៨ ដែល CDC បានធ្វើការពិនិត្យពិភាក្សា មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាលកំពង់ស្ពឺ តាកែវ ស្វាយរៀង មណ្ឌលគិរី និងរតនគិរី។

សូមជម្រាបថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១៧២ ដែលមានទុនវិនិយោគសរុបប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក គ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង។ 

បើតាមសេក្តីប្រកាសព័ត៌មានរបស់ CDC ការចុះបញ្ជីគម្រោងវិនិយោគក្នុងត្រីមាស ទី១ ឆ្នាំ២០២៥ មានការកើនឡើងចំនួន ៦៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារ ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២៤៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC