កាលពីពេលថ្មីៗនេះរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក រាជ រ៉ា បានដឹកនាំប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាហកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា។


ប្រតិភូកម្ពុជា និងសភាឧស្សាហកម្មថៃបានពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធទីផ្សារ ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ផ្ដោតទៅលើផលិតកម្មដំឡូងមី ពោត សណ្ដែក វត្ថុធាតុដើមផលិតចំណីសត្វ, កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។
ក្រោយពីចប់ជំនួបពិភាក្សារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Koson Group និង សហព័ន្ធដំឡូងមីកម្ពុជា ដែលក្រុមហ៊ុន Koson Group នឹងទទួលទិញដំឡូងមី ៣០០០០០តោន និងពោតក្រហម ១០០ ០០០ តោន ក្នុងមួយឆ្នាំពីកម្ពុជាតាមរយៈសហព័ន្ធដំឡូងមីកម្ពុជា។

បេសកកម្មនេះដែរ ប្រតិភូកម្ពុជាក៏បានធ្វើដំណើរទស្សនកិច្ច រោងចក្រកែច្នៃដំឡូងមី ប្រេងដូង រោងចក្រគ្រឿងសំអាង និងរោងចក្រធ្វើជី មួយរួមមាន៖
១. ក្រុមហ៊ុន Thai Eastern Group Holding Plc. ជាក្រុមហ៊ុនចែកចាយប្រេងដូងឆៅ
២. ក្រុមហ៊ុន Global Green Chemical Plc. ជាក្រុមហ៊ុនផលិត Bio ប្រេងម៉ាស៊ូត
៣. ក្រុមហ៊ុន Koson Group ជាក្រុមហ៊ុនផលិត Biomass
៤. ក្រុមហ៊ុន Thai Ruamjai Vegetable Oil Ltd ក្រុមហ៊ុនផលិតប្រេងឆាពីកន្ទក់
៥. ក្រុមហ៊ុន Saksiam Group ជាក្រុមហ៊ុនផលិតជី
៦. ក្រុមហ៊ុន Kovic Kate International (Thailand) Ltd. ជាក្រុមហ៊ុនអាហារូបត្ថម្ភ ទឹកអប់ និងគ្រឿងសំអាង ផងដែរដើម្បីស្វែងរកឱកាសទីផ្សារ សម្រាប់ការផ្គត់ផ្គង់ផលិតផលធ្វើជាវត្ថុធាតុដើមកែច្នៃ សម្រាប់ផលិតផលសម្រេច ដែលនាំចូលពីកម្ពុជា៕





អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម