សម្តេច ហ៊ុន ម៉ាណែត ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីថៃថា កម្ពុជាបានត្រៀមខ្លួនជាស្រេច និងបើកចំហរជានិច្ច ព្រមទាំងមានសុច្ឆន្ទៈចង់រីកចម្រើនជាមួយគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍។ ការថ្លែងបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី២៣ ខែមេសានេះ អំឡុងពេលនាយករដ្ឋមន្រ្តីថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍៖ថា «វិស័យទេសចរណ៍ និងការតភ្ជាប់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន និងប្រជាជន យើងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើង សម្រាប់ព្រះរាជាណាចក្រពីរគោលដៅតែមួយ»។


សម្ដេចថ្លែងបន្តថា «កម្ពុជានឹងស្វាគមន៍ ចំពោះគំនិតផ្ដួចផ្ដើមប្រទេសតែមួយគោលដៅតែមួយជាពិសេសកម្ពុជារីករាយសហការគ្នាជានិច្ច ក្នុងការបង្កើតក្រុមការងារ ដើម្បីពិភាក្សាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការងារនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ បានឯកភាពបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតកាន់តែខ្ពស់ន្ថែមទៀត ដើម្បីនាំមកនូវកំណើន សុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ កម្ពុជា-ថៃ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្រ្តី