មេដឹកនាំអាមេរិក ប្រកាសការរំកិលពន្ធគយមកលើទំនិញកម្ពុជារហូតដល់ ៤៩% ក្រោយមកក៏បានប្រកាសពេលក្នុងការដាក់ពន្ធគយលើបណ្ដាប្រទេសទាំងអស់ ក្នុងនោះមានកម្ពុជា ផងដែរ ក្នុងរយៈពេល៩០ថ្ងៃ ដោយការកំណត់បន្ទាត់ពន្ធនោះ ត្រូវបានកម្រិតមកត្រឹម ១០% ស្មើគ្នាលើកលែងតែប្រទេសចិន។
នៅយប់ថ្ងៃទី១៦មេសាម្សិលមិញ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួម កិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។
ជាមួយគ្នានេះ ភាគីកម្ពុជា-អាមេរិក បានឯកភាព បន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ។
សូមជម្រាបថា កិច្ចប្រជុំនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជូនប្រធានាធិបតី Donald Trump កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។
ការរំកិលពន្ធគយមកលើទំនិញកម្ពុជារហូតដល់ ៤៩%នេះ ដោយលោក Trump បានអះអាងថា ជាការឆ្លើយតបចំពោះកម្ពុជាដែលបានគិតពន្ធលើទំនិញនាំចូល ពីសហរដ្ឋអាមេរិក ក្នុង កម្រិត ៩៧%។
គួររំលឹកថា ក្នុងឆ្នាំ២០២៤ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមាន ចំនួន ៩ ៩១៦លានដុល្លារ ខណៈការនាំចូលពីអាមេរិកមកកាន់កម្ពុជា មានតែ ២៦៤លានដុល្លារប៉ុណ្ណោះ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម