អូស្រ្តាលី រង់ចាំគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសរបស់ខ្លួនដែលគ្រោងនឹងមកវិនិយោគនៅកម្ពុជា

ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី ប្រកាសផ្តល់កិច្ចសម្រួលដល់ការទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុជូនសហគ្រាសធនតូច មធ្យម និងសហគ្រាសគ្រាក់ៗរបស់អូស្ត្រាលីដែលគ្រោងនឹងមកវិនិយោគនៅកម្ពុជា។​     

ការប្រកាសជំហរយ៉ាងដូច្នេះធ្វើឡើងក្នុងជំនួបរវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយលោក Charith Amarasinghe ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាមនៃទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលី ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ជំនួបកាលពីថ្ងៃទី៧ ខែមីនា លោក សួន សុផល បានប្រាប់អំពីសក្តានុពល កាលានុវត្តភាព និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិ និងគោលនយោបាយស្តីពីវិនិយោគក្នុងស្រុកដែលមានភាពបើកចំហ អាចប៉ាន់ប្រមាណទុកជាមុនបាន និងភាពអំណោយផលសម្រាប់ការវិនិយោគដោយគ្មានការរើសអើង។

ជាការឆ្លើយតប លោក Charith Amarasinghe បានបង្ហាញនូវសុទិដ្ឋិនិយមថា ព័ត៌មានដែលទទួលបាននាឱកាសនេះនឹងត្រូវបានប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់ផ្សព្វផ្សាយទៅកាន់សហគមន៍ធុរកិច្ចអូស្ត្រាលីដែលមានបំណងចង់ពង្រីកវិសាលភាពនៃការវិនិយោគរបស់ខ្លួនមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត ហើយលោកនឹងរង់ចាំស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្រួលដល់ការទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុជូនសហគ្រាសធនតូច មធ្យម និងសហគ្រាសគ្រាក់ៗរបស់អូស្ត្រាលីដែលគ្រោងនឹងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។​     

សូមជម្រាបថា ទីភ្នាក់ងារហិរញ្ញវត្ថុសម្រាប់ការនាំចេញរបស់ប្រទេសអូស្ត្រាលីគឺជាស្ថាប័នរដ្ឋដែលទទួលបន្ទុកក្នុងការជួយជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុក្រោមរូបភាពកម្ចី មូលបត្របំណុល និងការធានាជូនសហគ្រាសអូស្ត្រាលីដែលមានបំណងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅក្រៅប្រទេស៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC