នាថ្ងៃទី០៤ ខែមីនា រដ្ឋាភិបាលចិនបានប្រកាសតំឡើងពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកបន្ថែម ១០ ទៅ ១៥% ចាប់ពីថ្ងៃទី១០ ខែមីនាតទៅ ក្រោយប្រធានាធិបតី Donald Trump អះអាងអនុវត្តទារពន្ធបន្ថែមសរុប ២០% ពីប្រទេសចិនចាប់ពីថ្ងៃនេះ។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា វិធានការសងសឹកពន្ធគយទៅវិញទៅមក រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ បានធ្វើឲ្យហានិភ័យសង្គ្រាមពាណិជ្ជកម្មឡើងកម្ដៅកាន់តែខ្លាំង។
បន្ថែមពីនោះ អាជ្ញាធរក្រុងប៉េកាំងថែមទាំងបានដាក់ឈ្មោះក្រុមហ៊ុនអាមេរិកចំនួន ២៥ ក្នុងបញ្ជីហាមឃាត់ការនាំចេញ និងវិនិយោគថែមទៀត ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះអាចធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ។
គួរជម្រាបដែរថា ផែនការសងសឹងពន្ធរវាងចិន និងអាមេរិក បានធ្វើឲ្យមនុស្សជុំវិញពិភពលោកកំពុងព្រួយបារម្ភ ពីការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មជាថ្មី ដ្បិតកាលពីអាណត្តិដំបូងរបស់លោក Trump វាធ្លាប់កើតមានម្ដង ដែលកាលនោះស្ថានភាពសេដ្ឋកិច្ចសកលលោក បានធ្លាក់ដល់ចំណុចទាបបំផុតមួយ តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨៕
អត្ថបទ៖ Luffy រូបភាព៖ NBC