ថ្មីៗនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករដាំមៀនប៉ៃលិន ក្នុងខេត្ត ២ គឺបាត់ដំបង និងខេត្តប៉ៃលិន។


ក្នុងពេលចុះជួបក្រុមហ៊ុន សហគមន៍ និងកសិករលោក ឌិត ទីណា បានសន្យាថានឹងជួយរកដំណោះស្រាយជូនម្ចាស់ក្រុមហ៊ុន, សហគមន៍ និងកសិករដែលដាំមៀនប៉ៃលិនឲ្យទាន់ពេលវេលា។
ការសន្យានេះ ក្រោយលោក ឌិត ទីណា បានស្ដាប់ខាងក្រុមហ៊ុន និងតំណាងសហគមន៍ ម្ចាស់ចម្ការជាង ៥០ នាក់នៅបាត់ដំបង លើកឡើងពីបញ្ហាប្រឈមជុំវិញការខ្វះខាតទុនវិនិយោគ សម្រាប់បង្វិលលើការទិញផលិតផលមៀនស្រស់ៗ ការខ្វះខាតប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងសហគមន៍ ប្រមូលទិញ និងការយឺតយ៉ាវបេះមៀនប៉ៃលិនស្រស់ ហើយខាងប៉ៃលិន ទាំងម្ចាស់ក្រុមហ៊ុន និងតំណាងសហគមន៍ ម្ចាស់ចម្ការជាង ២០នាក់ លើកឡើងបញ្ហាប្រឈមជុំវិញការប្រមូលទិញ និងបេះមៀនប៉ៃលិនស្រស់ ដោយសារបេះមិនទាន់ពេលវេលា នាំឲ្យមានការខូចខាត។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលសំណើអ្នកច្នៃ អ្នកដាំមៀនប៉ៃលិនទាំង ២ខេត្ត ក្នុងការជួយរកដំណោះស្រាយជូនទាំងម្ចាស់ក្រុមហ៊ុន អ្នកដាំ និងសហគមន៍ ឲ្យទាន់ពេលវេលា។ លោក ឌិត ទីណា ក៏បានណែនាំ ព្រមទាំងលើកទឹកចិត្តដល់សហគមន៍ និងម្ចាស់ចំការ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុន ហើយត្រូវធ្វើកិច្ចសន្យាថ្មីជាមួយគ្នាឲ្យមានតម្លាភាព គោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារួមគ្នា ហើយស្របតាមស្តង់ដារដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ឌិត ទីណា បានបន្ថែមថា ករណីក្រុមហ៊ុន ឬម្ចាស់ចម្ការ ត្រូវការកម្លាំងពលកម្មជួយបេះមៀន ក្រសួងកសិកម្ម នឹងធ្វើកិច្ចសហការជាមួយទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស គន់ គីម និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្ដល់កងកម្លាំងទាហានដល់ក្រុមហ៊ុន សហគមន៍ និងម្ចាស់ចម្ការ ជួយបង្រៀនកងកម្លាំងឲ្យចេះប្រមូលផល ដើម្បីជួយដោះស្រាយបញ្ហាជូនឲ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលចែកចាយមៀនស្រស់ និងដំណាប់មៀនសម្ងួត លើទីផ្សារក្នុងស្រុក និងក្រៅស្រុកឲ្យទទួលបានប្រសិទ្ធភាព៕






អត្ថបទ៖ មេរ៉ា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ