ក្រុមហ៊ុនចិនចាប់អារម្មណ៍ វិនិយោគខ្សែផ្លូវដែកថ្មី តភ្ជាប់កម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ

កាលពី​ថ្ងៃ ២០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លង​ទៅ​លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​ជួប និង​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូ​ក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD ដឹកនាំ​ដោយ លោក YUAN LINKUN ប្រធាន​ក្រុមហ៊ុន ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី លោក​ប្រធាន អនុ​ប្រធាន​នាយកដ្ឋាន​ផ្លូវដែក នាយកដ្ឋាន​អង្កេត និង​បូក​សរុប​ភស្តុភារ​កម្ម និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

ការ​ជួប​ពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង ដើម្បី​សិក្សា​ស្វែង​យល់​បន្ថែម ពី​ឱកាស​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ផ្លូវ​ដែក និង​គម្រោង​សំខាន់​ៗ​ទាក់ទង​នឹង​ផែនការ​មេ​អភិវឌ្ឍន៍​ផ្លូវ​ដែក​នៅ​កម្ពុជា។

អនុរដ្ឋលេខាធិការ លោក វ៉ាស៊ឹម សុរិយា បាន​លើកឡើង​ពី​បច្ចុប្បន្នភាព​​ខ្សែ​ផ្លូវ​ដែក​ទាំង ២ ខ្សែ​ដែល​មាន​ស្រាប់ នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក និង​គម្រោង​សំខាន់​ៗ​មួយ​ចំនួន ដែល​ក្រសួង​បាន និង​កំពុង​អនុវត្ត​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ក្នុង​ប្រទេស ព្រម​ទាំង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​ការ​ជំរុញ និង​លើក​កម្រិត​គុណភាព​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​ឲ្យ​មាន​សមត្ថភាព​ស្មើ​គ្នា​ដល់​កម្រិត​ល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ជំរុញ​នូវ​ការ​ចរចា​បញ្ចប់​កិច្ចសន្យា​សម្បទាន​ផ្លូវដែក​ថ្មី ឲ្យ​បាន​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ សំដៅ​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់តែ​មាន​ការ​រីកចម្រើន​បន្ថែម​ទៀត។

ចំណែក​គណៈប្រតិភូ​ក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD បាន​អរគុណ​ថ្នាក់​ដឹក​នាំ​ក្រសួង ដែល​បាន​ផ្ដល់​អនុសាសន៍​ល្អ​ៗ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ស្វែង​យល់​បន្ថែម​ក្នុង​ការ​វិនិយោគ​លើ​ខ្សែ​ផ្លូវដែក​ថ្មី​នៅ​កម្ពុជា ក្នុង​ការ​តភ្ជាប់​ពី​កម្ពុជា​ទៅ​វៀតណាម និង​កម្ពុជា​ទៅ​ឡាវ ជាមួយ​នឹង​ទស្សនាទាន​នៃ​ការ​សិក្សា​បណ្ដាញ​ផ្លូវដែក​ល្បឿន​លឿន​ថ្មី​នៅ​ក្នុង​ប្រទេស​ផងដែរ។

កម្ពុជា​មាន​គម្រោង​ផ្លូវ​ដែក ៨ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ដាក់​បញ្ចូល​ក្នុង​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្ដី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្ត​មធ្យោបាយ និង​ភស្តុភារ​កម្ពុជា​ឆ្នាំ ២០២៣ -២០៣៣ ក្នុង​ចំណោម​ផែនការ​មេ​សរុប​ ១៧៤ គម្រោង៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន