ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តអនុម័តគម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិកនៅក្នុងខែកញ្ញា ឆ្នាំ២០២៤ និងអាចបង្កើតការងារបានប្រមាណជិត ២៥ពាន់កន្លែង។
សេចក្ដីប្រកាសព័ត៌មានក្នុងចំណោមគម្រោងវិនិយោគចំនួន២៨ ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។
ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា បានកត់សម្គាល់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញា គឺនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ២,៥០៥កន្លែង។
គួរបញ្ជាក់ថា ក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨.២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៩២% នៃទុនវិនិយោគសរុប៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម