អាកាសយានដ្ឋានខេត្តកោះកុងតម្លៃ ២០០លានដុល្លារ ធ្វើការហោះហើរសាកល្បង ត្រៀមបើកផ្លូវការខែវិច្ឆិកា

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខ។

អ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ថា ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញនេះ គឺត្រៀមការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក រួមទាំងការហោះហើរហ្វឹកហ្វឺននៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ។

តាមដានជាមួយយើង៖ Million Times

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រដល់ពហុបំណងវិស័យទេសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិនេះសាងសង់លើផ្ទៃដី ២១៨ហិចតា និងបានត្រៀមដីបម្រុងទុកជិត ១០០០ហិចតា សម្រាប់អភិវឌ្ឍន៍គម្រោងគាំទ្រផ្សេងៗ។ 

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% ហើយ មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល