សមាគមឧកញ៉ាកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រកាសប្តេជ្ញាពង្រឹងពង្រឹកកិច្ចសហប្រតិបត្តិការដើម្បីបង្កើតនូវកាលានុវត្តភាពធុរកិច្ចរវាងធុរជនជប៉ុន និងក្រុមពាណិជ្ជករនៃសមាគមឧកញ៉ាកម្ពុជា។ ការប្រកាសរួមគ្នារបស់ភាគីទាំងពីរធ្វើឡើងក្នុងជំនួបរវាងលោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងគណៈប្រតិភូអង្គការ JETRO នាថ្ងៃទី៧ ខែសីហានេះ។
លោក លី យ៉ុងផាត់ បានថ្លែងថា ជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ខណៈដែលវិនិយោគិនជប៉ុនទទួលបានទំនុកចិត្តខ្ពស់ និងបានរួមចំណែកជាច្រើនដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគដែលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ហើយកម្ពុជាពិតជាត្រូវការភាគីជប៉ុនដូចដែលសម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមវិនិយោគិនជប៉ុនចាត់ទុកប្រទេសកម្ពុជាថាជាផ្ទះរបស់ខ្លួន។
លោកបន្តថា សមាគមឧកញ៉ាកម្ពុជា ស្វាគមន៍ជានិច្ចនូវកិច្ចសហប្រតិបត្តិការនានារវាងស្ថាប័នទាំងពីរសំដៅជំរុញក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបញ្ជាក់ថា នេះជាកាលានុវត្តភាពដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់មជ្ឈដ្ឋានធុរកិច្ចជប៉ុន ខណៈដែលមានវិនិយោគិនជប៉ុនច្រើនៗឡើងបានចាប់អារម្មណ៍អំពីប្រទេសកម្ពុជា ជាក់ស្តែងកាលពីឆ្នាំមុនមានក្រុមហ៊ុនតែ ៧ប៉ុណ្ណោះដែលមកចូលរួមសន្និសីទនេះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤មានក្រុមហ៊ុនដល់ទៅ ១៩បានចូលរួម។
ក្នុងជំនួបដដែលនោះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីបង្កើតនូវកាលានុវត្តភាពនៃការចាប់ដៃគូរវាងធុរជនជប៉ុន និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជានាពេលអនាគត។
ប្រទេសជប៉ុន ជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទី៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន វៀតណាម អាមេរិក និងថៃ។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅជប៉ុនក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះមានជាង ៦២៨លានដុល្លារ ខណៈការនាំចូលជាង ៣២១លានដុល្លារ។
ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា នាពេលកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាស ធុរកិច្ចអំណោយផល និងធានាបាននូវភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការ ដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅកម្ពុជា។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគំនិតផ្តួចផ្តើម ក្នុងការធានាឱ្យបាននូវភាពជោគជ័យរបស់វិនិយោគិន ក៏ដូចជាវិនិយោគិនជប៉ុននៅកម្ពុជា ។
សម្ដេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការពិគ្រោះយោបល់ទៀងទាត់ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ដាវិនិយោគិនជប៉ុនចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងរកដំណោះស្រាយផងដែរ៕
អត្ថបទ៖ ផល កុសល រូបភាព៖ សមាគមឧកញ៉ាកម្ពុជា