លោកសេដ្ឋី គិត ម៉េង កម្ម៉ង់ទិញទូដឹកទំនិញថ្មីចំនួន ២៥គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អជាងមុន។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ខេមបូឌា។
ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាអ្នកម៉ៅការផ្តាច់លើការដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា បានឲ្យដឹងថា ទូរថភ្លើងទាំងនេះបានមកដល់កម្ពុជានៅរសៀលថ្ងៃអាទិត្យទី២៨ ខែកក្កដា។ ជាមួយការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនបានបញ្ជាក់ថា ការបញ្ជាទិញនេះក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់លោក គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញចំនួន ២០០គ្រឿងថ្មីដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួយនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនមានគោលបំណងពង្រឹងសមត្ថភាព និងប្រសិទ្ធភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា។
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាអ្នកផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន រូយ៉ាល់រេលវេ បានចាប់ផ្តើមប្រតិបត្តិការសេវាកម្មតាំងពីឆ្នាំ២០១០ បន្ទាប់ពីបានបញ្ចប់ការស្តារឡើងវិញនូវបណ្តាញផ្លូវដែកទាំងខ្សែខាងត្បូង និងខាងជើង ដើម្បីធានានូវសុវត្ថិភាព។ រ៉ូយ៉ាល់រេលវេ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់តម្រូវការដឹកជញ្ជូនទំនិញទូទៅក្នុងប្រទេស ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមជម្រាបថា កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានធ្វើសម្បទានគម្រោងផ្លូវដែកទៅឲ្យក្រុមហ៊ុនមួយពីអូស្ដ្រាលី ដើម្បីពង្រឹងការដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជា តែនៅឆ្នាំ២០១៤ ក្រុមហ៊ុននេះបានបង្វែរភាគហ៊ុន ៥៥ភាគរយទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលធ្វើឲ្យក្រុមហ៊ុនរបស់លោក គិត ម៉េង កាន់កាប់ភាគហ៊ុនទាំងស្រុងចាប់ពីពេលនោះមក។
បន្ទាប់ពីក្រុមហ៊ុននេះទទួលបានសិទ្ធិអភិវឌ្ឍន៍ និងធ្វើអាជីវកម្មផ្លូវដែកកម្ពុជា អស់រយៈពេលប្រមាណ១០ឆ្នាំ គឺនៅឆ្នាំ២០១៩ រដ្ឋាភិបាលបានសម្រេចដកសិទ្ធិធ្វើអាជីវកម្មផ្លូវដែកពីក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេវេល របស់លោក គិត ម៉េង ទៅឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន មុននឹងដាក់ឲ្យដេញថ្លៃជាថ្មីឡើងវិញ។ ការដកនេះ ក្រោមហេតុផលថា ការអភិវឌ្ឍ និងផ្ដល់សេវានៃប្រតិបត្តិការដឹកជញ្ជូនផ្លូវដែកនាពេលនោះដោយក្រុមហ៊ុននេះ ហាក់មិនសូវឈានទៅមុខ ខណៈវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានតម្រូវការខ្ពស់ និងទាមទារស្ដង់ដារ។ នេះបើតាមការប្រកាសរបស់សម្ដេច ហ៊ុន សែន ក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
យ៉ាងណាប៉ុន្មានខែក្រោយដកហូត រដ្ឋក៏បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទទួលបានសិទ្ធិធ្វើអាជីវកម្មលើផ្លូវដែកបន្ត ពីរដ្ឋាភិបាល ដោយផ្តោត ទៅលើការធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ឱ្យសមស្របទៅតាមតម្រូវការ ជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូនក្រុមនាំចេញ និងនាំចូល។ គួរបញ្ជាក់ថា ខ្សែរថភ្លើងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េវេលចាប់ដំណើរការដឹកអ្នកដឹក ដំណើរនៅឆ្នាំ២០១៦ បន្ទាប់ពីក្រុមហ៊ុននេះ ទទួលសិទ្ធិវិនិយោគផ្លូវរថភ្លើងនៅកម្ពុជាក្នុងឆ្នាំ២០០៩ សម្រាប់រយៈពេល៣០ឆ្នាំ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ Royal Group