វៀតណាម ពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាដែលនឹងត្រូវចុះហត្ថលេខាបន្តឆ្នាំ២០២៥

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាចំពោះការធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេស វៀតណាមនៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក ។ វៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេច ហ៊ុន សែន និងការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកស្ទួយ និងលើកកម្ពស់ ចំពោះការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ព្រោះអ្វីៗទាំងអស់ នៃការរីកចម្រើន គឺជាផលប្រយោជន៍របស់កម្ពុជា និងការបំពេញឲ្យគ្នាទៅវិញទៅមក នៃការតភ្ជាប់នូវទីផ្សារទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ។

បន្ថែមពីលើនេះ ភាគីទាំងពីរ បានយល់ស្របចំពោះសំណើ នៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីវៀតណាម ទទួលយកសំណើររបស់សម្ដេច ហ៊ុន សែន ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0 ។

ក្នុងជំនួបដដែលនោះពាក់ព័ន្ធនឹងការតភ្ជាប់ខឿនសេដ្ឋកិច្ច ភាគីទាំងពីរ នឹងជួយគ្នាទៅវិញទៅមក ដោយក្នុងលក្ខណៈសេដ្ឋកិច្ចបំពេញគ្នាទៅវិញទៅមក ជាពិសេស គឺភាគីវៀតណាម ពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនីដ៏កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលនឹងត្រូវចុះហត្ថលេខាបន្តឆ្នាំ២០២៥ ហើយនៅផ្គត់ផ្គង់ឲ្យដល់ ៤០០មេហ្គាវ៉ាត់ ឬលើសពីហ្នឹងទៅទៀតទៅតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ