៤០ក្រុមហ៊ុនមកពីចិន សុទ្ធតែមានបំណងពង្រីកការវិនិយោគនៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដែលបានមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីបរិយាកាស និងកាលានុវត្តភាពវិនិយោគនាពេលថ្មីៗនេះ សុទ្ធតែមានបំណងពង្រីកការ វិនិយោគមកកម្ពុជា។

លោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភ័ណ្ឌ CCCT បានដឹកនាំប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដែលរកស៊ីក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ជួបជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិភាក្សា និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។ 

តាមដានជាមួយយើង៖ Million Times

លោក ជាង ស៊ីអាន បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានស្នើឱ្យសមាជិក គណៈប្រតិភូបង្ហាញអំពីសកម្មភាពវិនិយោគរបស់ខ្លួន និងគោលបំណងមកកម្ពុជា ក៏ដូចជាលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដែលជារួមក្រុមហ៊ុនទាំងអស់មានបំណងពង្រីកការ វិនិយោគមកកម្ពុជា។ 

បើតាមប្រធានគណៈប្រតិភូក្រុមហ៊ុនចិនរូបនេះមានជំនឿជឿជាក់យ៉ាងមុតមាំថាបន្ទាប់ពីជំនួបពិភាក្សាការងារគណៈប្រតិភូរបស់លោកនឹងធ្វើការសម្រេចចិត្តបណ្តាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខាន។

ដោយយោងលើស្ថានភាពនៃការវិនិយោគនៅកម្ពុជាដែលភាគច្រើននាំចូលវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេចដើម្បីផលិតជាផលិតផលផ្សេងៗនាំចេញទៅទីផ្សារបរទេស លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដែលមានខ្សែច្រវាក់ផលតិកម្មពីលើដល់ក្រោម (upstream to downstream) ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក, ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការការពារបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត។

ទន្ទឹមនឹងនេះ លោក ជា វុទ្ធី ក៏មិនភ្លេចរំលេចផងដែរថា ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ” ដើម្បី ជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោកអគ្គលេខាធិការក៏បានលើកឡើងពីរំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត ដែលការណ៍នេះគឺដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CDC