គម្រោងសាងសង់ទំនប់អាងទឹកកំពង់គោ ដែលស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពេលនេះសម្រេចបាន៣០%ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម លោក ចាន់ ស៊ីណាត ក្នុងអំឡុងពេលចុះពិនិត្យការគ្រប់គ្រងទឹករបសអាងស្ទឹងសែន ឲ្យដឹងថា ការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកកំពង់គោនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលរួមមានដំណាំស្រូវ និងដំណាំចំការគ្រប់ប្រភេទប្រមាណ ៣០០ ០០០ ហិកតា។ ក្នុងនោះគ្របដណ្ដប់លើក្រុង ស្រុកចំនួន៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល័្លង្គ និងស្រុកសណ្ឋាន។
ចំពោះការងារសំខាន់ៗរួមមានសំណង់កាត់ស្ទឹងសែនប្រវែង២៥០ម៉ែត្រ ស្តារស្ទឹងស្លាប២៥គីឡូម៉ែត្រ និងសំណង់សិល្បការ្យ៤០កន្លែង។
លោក ចាន់ ស៊ីណាត បានបញ្ជាក់ថា នៅពេលការកសាងទំនប់អាងទឹកកំពង់គោនេះរួច នឹងធ្វើឲ្យខេត្តនៅភូមិភាគកណ្តាលរបស់ប្រទេសកម្ពុជាអាចដោះស្រាយបញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ជួយជំរុញឲ្យមានកំណើនជាអតិបរមាលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យអេកូទេសចរណ៍។ ពិសេសការកើនឡើងទ្វេដងនូវត្រីនិងប្រភេទសត្វកម្រ ព្រមទាំងផ្តល់ទឹកគ្រប់គ្រាន់ក្នុងការស្រោចស្រពដំណាំ ព្រៃឈើមានពណ៍ខៀវស្រងាត់ និងរីកលូតលាស់ល្អសម្រាប់ជាជម្រករបស់សត្វ និងមនុស្ស៕
អត្ថបទ៖ នារតី