ខេត្តកំពតនឹងទាញភ្ញៀវទេសចរបានកាន់តែច្រើនក្រោយសមិទ្ធិផលពីរនេះលេចរូបរាងបន្ទាប់ពីសេះសមុទ្រ

ខេត្តកំពតនឹងទាញភ្ញៀវទេសចរបានកាន់តែច្រើនក្រោយសមិទ្ធិផលពីរនេះលេចរូបរាងបន្ទាប់ពីសេះសមុទ្រ

គ្រាន់តែរូបសំណាកសេះសមុទ្របាញ់ទឹក បានជួយឲ្យខេត្តកំពតទទួលបានភ្ញៀវទេសចរច្រើនកុះករទៅទស្សនានិងថតរូបលេង ព្រមទាំងល្បីខ្ទរខ្ទារពាសពេញបណ្តាញសង្គមទៀតផង។ ដូច្នេះហើយ អាជ្ញារធរខេត្តកំពុងរៀបចំសមិទ្ធផលថ្មីបន្ថែមទៀត គឺសាងសង់នាឡិការកម្ពស់ប្រមាណ៣៥ម៉ែត្រ និងស្ថាបនាឆ្នេរសមុទ្រមួយបន្ថែមទៀត ដើម្បីស្រូបទាញទេសចរឲ្យកាន់តែច្រើន។​ នេះបើតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ កាលពីថ្មីៗនេះ។

តាមដានជាមួយយើង៖ Million Times



១. នាឡិការកម្ពស់ប្រមាណ៣៥ម៉ែត្រ

នាឡិការនេះនឹងយករចនាបទនៃការសាងសង់បែបខ្មែរសុទ្ធសាធ ដោយមុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ៩,៧ ម៉ែត្រ ដែលទីតាំងដាក់តាំងគឺស្ថិតតាមដងព្រែកកំពង់បាយ មុខសាលាខេត្តឆៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។ បច្ចុប្បន្ន រដ្ឋបាលខេត្តជាប់មាត់សមុទ្រនេះកំពុងបុកគ្រឹះសាងសង់នាឡិការកម្ពស់ ៣៥ម៉ែត្រនេះបណ្តើរៗហើយ ។


ក្រោយពីសមិទ្ធិផលនេះរួចរាល់ គេជឿថាភ្ញៀវទេសចរនឹងមានកំណើនច្រើនជាងមុន ហើយនាឡិការនេះក៏នឹងជួយលើកសោភណ្ឌភាពក្រុងកំពតឲ្យក្លាយជាតំបន់ទេសចរណ៍កាន់តែល្បីនៅកម្ពុជា។



២. ស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត


ឆ្នេរសមុទ្រនេះនឹងមានប្រវែង៨គីឡូម៉ែត្រពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ។ ឆ្នេរនេះគម្រោងនឹងសា្ថបនាក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឲ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន។ កំណើនសេដ្ឋកិច្ចក្នុងខេត្ត ពិសេសចំណូលរបស់ប្រជាពលរដ្ឋនឹងមានការកើនឡើងតាមរយៈវិស័យទេសរណ៍ជាក់ជាមិនខាន។

សូមរំលឹកថា ក្រោយពីមានសមិទ្ធផលទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋបាលខេត្ត ក្នុងមួយសប្តាហ៍ៗមានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់ បានធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង និងមានភាពធូធារជាងមុនតាមរយៈការទទួលផលពីវិស័យទេសចរណ៍។ នេះបើយោងតាមមន្ទីរព័ត៍មានខេត្តកំពត៕



អត្ថបទ៖ នារតី