គ្រឿងចម្លាក់ខ្មែរធ្វើពីស្ពាន់ដូចជា កងដៃ ក្រវិល ចិញ្ចៀន ថូដាក់ផ្កា ឆ្នាំង ប៉ាន់ ផ្តិល ក្អម និងផ្ទាំងចម្លាក់ពីប្រាសាទជាដើម កំពុងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែរ ទាំងក្រសួងស្ថាប័នជាតិ និងជនបរទេសផងដែរ។
លោក សំ សុផាត ស្ថាបនិកនៅហាងម៉ាដាមច្នៃ និយាយថា អតិថិជនរបស់លោក៩៩%ហើយជាជនជាតិខ្មែរ ដោយក្នុងនោះជាអ្នកដែលស្រលាញ់ការតុបតែងលំអរផ្ទះបែបខ្មែរប្រណិត និងអ្នកធ្វើការនៅស្ថាប័នជាតិទិញគ្រឿងចម្លាក់ពីហាងរបស់លោកសម្រាប់ជាកាដូអនុស្សាវរីយ៍សម្រាប់ឥស្សរជន ឬថ្នាក់ដឹកនាំផងដែរ។ គ្រឿងចម្លាក់របស់លោកមានការគាំទ្រច្រើននិងល្បីលេចធ្លោ ដោយសារតែគ្រប់ចម្លាក់គឺធ្វើពីដៃ ហើយរាល់ក្បាច់នីមួយៗមិនចេះតែរកនឹកច្នៃខ្លួនឯងនោះទេ គឺច្នៃចេញតាមក្បាច់នៅតាមជញ្ជាំងប្រាសាទខ្មែរពិតៗតែម្តង។
ចំណែករយៈពេលធ្វើវិញអាច១ខែទៅ៣ខែ អាស្រ័យតាមចម្លាក់តូចធំ។ ថ្វីបើចម្លាក់ពីដៃមិនស្អាតដូចម៉ាស៊ីនដែលប្រទេសជិតខាងធ្វើ តែវាមានអត្ថន័យជាងហើយអតិថិជនរបស់លោកយល់និងផ្តល់តម្លៃលើផលិតផលខ្មែរដែលធ្វើពីដៃផងដែរ។
លោក សុផាត បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោកជាអ្នកដែលមានជំនាញផ្នែកចម្លាក់នេះស្រាប់ហើយកកាលពីមុន លោកគ្រាន់តែលក់នៅតាមផ្ទះធម្មតាៗប៉ុណ្ណោះ ។ តែនៅចុងឆ្នាំ២០១៩ លោកនិងភរិយាក៏បើកជាហាងដែលមានដាក់ឈ្មោះនិងប្រេនខ្លួនឯងថា ម៉ាដាមច្នៃ នេះឡើង ដោយសារតែសន្ទុះនៃការគាំទ្រច្រើនពីសំណាក់អតិថិជនខ្មែរ។ ភ្ញៀវខ្លះជាវយកធ្វើជាកាដូជូនអណិកជនខ្មែររស់នៅក្រៅប្រទេសដូចជា សហរដ្ឋអាមេរិច អូស្រ្តាលី កាណាដា និងប្រទេសជាច្រើនទៀត។ ចម្លាក់ពីស្ពាន់នៅហាងរបស់លោក សុទ្ធតែមានក្បូរក្បាច់រចនាបែបខ្មែរ ហើយចេញពីស្នាដៃកូនខ្មែរឆ្លាក់ពិតៗដែលរោងជាងរបស់លោកមានទីតាំងនៅខេត្តកណ្តាល។ លោកបន្តថា របរមួយនេះមិនត្រឹមជួយផ្គត់ផ្គង់ជីវភាពគ្រួសារ តែថែមទាំងជួយរក្សានូវក្បាច់ចម្លាក់ខ្មែរពីបុរមបុរាណផងដែរ។
លោកសំណូមពរឲ្យប្រជាជនខ្មែរទាំងអស់នៅតែបន្តគាំទ្រស្នាដៃកូនខ្មែរ ដែលខិតខំឆ្លាក់ដោយដៃយ៉ាងផ្ចិតផ្ចង់ និងដើម្បីចូលរួមចំណែកថែរក្សាក្បាច់ពីបុរាណរបស់ខ្មែរ ដែលជាតឹកតាងបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។ គ្រឿងចម្លាក់ដែលឆ្លាក់ពីក្រៅប្រទេសអាចមានតម្លៃថោកជាងក៏ពិតមែន តែរបស់ខ្លះគេច្នៃដោយប្រើម៉ាស៊ីនមិនប្រើដោយដៃសុទ្ធដូចរបស់ខ្មែរទេ ហេតុនេះសូមខ្មែរស្រលាញ់ខ្មែរ បន្តជួយគាំទ្រផលិតផលខ្មែរឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ នារតី