បច្ចុប្បន្នកម្ពុជាមានអាកាសយានអន្តរជាតិកំពុងប្រតិបត្តិការហោះហើររបស់ខ្លួន ក្នុងនោះមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ ។ ចក្ខុវិស័យសម្រាប់រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងពង្រីកអាកាសយានដ្ឋានមួយចំនួនទៀតក្នុងស្រុកដើម្បីស្រូបទាញភ្ញៀវទេសចរកាន់តែច្រើន។
១. អាកាសយានដ្ឋានតារាសាគរ
អាកាសយានដ្ឋានតារាសាគរនៅខេត្តកោះកុងនេះនឹងដាក់ឲ្យហោះហើរជំហានដំបូងសម្រាប់អាកាសចរណ៍ក្នុងស្រុកឆាប់ៗនេះនៅថ្ងៃទី ៨ សីហា ឆ្នាំ២០២៤ ហើយ។ អាកាសយានដ្ឋានថ្មីនៅខេត្តជាប់មាត់សមុទ្រនេះមានផ្លូវយន្តហោះចុះប្រវែង ៣២០០ម៉ែត្រ ទទឹង៦០ម៉ែត្រដែលមានសមត្ថភាព ផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរសាងសង់ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ជាការវិនិយោគសម្រាប់គាំទ្រ ដល់ពហុបំណងវិស័យទេសចរណ៍។
២. អាកាសយានដ្ឋានបាត់ដំបង
កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ តាមរយៈរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបើកកិច្ចប្រជុំដ៏សំខាន់មួយសិក្សាអំពីលទ្ធភាពស្តារ និង អភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបង លំដាប់ថ្នាក់4C ដែលស្រដៀងគ្នាទៅនឹងអាកាសយានដ្ឋានអន្ដរជាតិខេត្ដសៀមរាប ស្របពេលដែលគម្រោងនេះក៏ត្រូវបានគាំទ្រ និងអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលផងដែរ។។ អាកាសយានដ្ឋានបាត់ដំបង ចាប់ផ្តើមប្រតិបត្តិការនៅទស្សវត្សឆ្នាំ១៩៦០ ហើយបានបញ្ចប់ការហោះហើរទាំងអស់នៅឆ្នាំ១៩៨៧ ដោយសារសង្គ្រាម។
៣. អាកាសយានដ្ឋានកោះរ៉ុង
អាកាសយានដ្ឋាននេះវិនិយោគក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ លំដាប់ 4C ដែលបច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង ឌីវេឡបមេន ខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង បានចាប់ផ្តើមដំណើរការបណ្តើរៗហើយ។ ការសាងសង់ព្រលានយន្ដហោះនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលអាកាសយានដ្ឋាននេះនឹងត្រូវចំណាយពេលវេលាសាងសង់រយៈពេល៥ឆ្នាំ៕
អត្ថបទ៖ នារតី