ប្រជុំពិនិត្យគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មសំបក់កងយានយន្តក្រុមហ៊ុន Sailun ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារ

ក្រុមហ៊ុន Sailun Group ដែលជាក្រុមហ៊ុនមេមានក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា ជួបពិភាក្សាការងារនិងធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ខ្លួនក្នុងការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន ស្ថិតក្នុងរង្វង់ទឹកប្រាក់ ១ពាន់លានដុល្លារ។

នៅថ្ងៃទី២៧ ខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន Sailun Group ដែលមានទំហំទឹកប្រាក់ស្ថិតក្នុងរង្វង់ ១ពាន់លានដុល្លារ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា ក្នុងដំណើរទស្សនកិច្ចទៅក្រុងឈីងតាវ ខេត្តសានដុង ប្រទេសចិន កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ។

តាមដានជាមួយយើង៖ Million Times

ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Sailun Group Co., Ltd. នៅប្រទេសចិន គណៈប្រតិភក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទស្សនាមន្ទីរពិសោធន៍ Stonelab សាលពិព័រណ៍មជ្ឈមណ្ឌលកៅស៊ូជាតិ និងមានជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន។ នាជំនួបនោះក្រុមហ៊ុនបានបង្ហាញចក្ខុវិស័យច្បាស់លាស់ក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគកៅស៊ូជាតិកម្ពុជា ការសាងសង់រោងចក្រផលិតកែច្នៃកៅស៊ូ និងការសាងសង់សួនឧស្សាហកម្មក្នុងប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់Sailun Group គឺក្រុមហ៊ុន Cart Tire Co., Ltd. បានកំពុងវិនិយោគគម្រោងកម្មន្ដសាលសំបកកង់យានយន្ត ក្នុងខេត្តស្វាយរៀង ប្រទេសកម្ពុជា ជាមួយនិងទុនវិនិយោគនឹងឡើងដល់ប្រមាណ ៧០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ ១២០ហិចតា និងមានទីផ្សារនាំចេញទៅកាន់ សហរដ្ឋអាមេរិក កាណាដា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង បានបង្កើតការងារប្រមាណ ២ពាន់កន្លែង។ ចំពោះមជ្ឈមណ្ឌលកៅស៊ូជាតិ គឺជាមជ្ឈមណ្ឌលពិសោធន៍ និងស្រាវជ្រាវ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ និងធំបំផុតនៅក្នុងប្រទេសចិន៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា