មានបទពិសោធន៍ប្រមាណ ២០ឆ្នាំក្នុងស្ថាប័នធនាគារធំៗ លោក មិន សុផា ត្រូវបានធនាគារ ហត្ថា ប្រកាសជាផ្លូវការតែងតាំងជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
ធនាគារ ហត្ថា បានឲ្យដឹងថា លោក មិន សុផា គឺជាធនាគារិកអាជីពមួយរូបធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិអស់រយៈពេលជាង២០ឆ្នាំ កន្លងមកហើយ។ លោក សុផា មានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។
មុនចូលបម្រើការងារនៅធនាគារ ហត្ថា លោក សុផា បានកាន់តួនាទីជានាយកប្រតិបត្តិរង នៅធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលលោកបានជួយជំរុញឱ្យធនាគារមួយនេះក្លាយទៅជាធនាគារមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា។
ក្រៅពី ការងារអាជីពទាំងអស់នេះ លោក សុផា ក៏ធ្លាប់និងកំពុងបម្រើការងារស្ម័គ្រចិត្តសំខាន់ៗមួយចំនូនផងដែរ ដូចជា ការកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិភ្នំពេញ (ISPP) ជាដើម។
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ។ ធនាគារជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងប្រទេសថៃ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ធនាគារ ហត្ថា