ត្រៀមដាក់សម្ពោធបង្គោលផ្លាកសញ្ញាមហាវិថី ស៊ីជីនពីង ក្នុងពេលឆាប់ៗខាងមុខនេះហើយ


មហាវិថី ស៊ីជីនពីង ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ត្រៀមនឹងដាក់បង្គោលផ្លាកសញ្ញាសម្ពោធក្នុងពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការនិងដឹកជញ្ជូន។

កំណាត់ផ្លូវនេះកំពុងរៀបចំដាក់ផ្លាកឈ្មោះនៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ដោយមានការចុះពិនិត្យទីតាំងផ្ទាល់ដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីនិងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ កាលពីម្សិលមិញផងដែរ។

តាមដានជាមួយយើង៖ Million Times


ការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ជា “មហាវិថី ស៊ី ជីនពីង” ដើម្បីបញ្ជាក់ពីអត្ថន័យធំធេងសម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលរហូតមកដល់ពេលនេះ ចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤ ០០០ គីឡូម៉ែត្រនៅកម្ពុជា។ 


មហាវិថី ស៊ីជីនពីង ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញនិងខេត្តកណ្តាល ក្រាលបេតុងស៊ីម៉ង់សសៃដែកមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ២៤+៨៤០ នៃផ្លូវជាតិលេខ១។


កំណាត់ផ្លូវនេះនឹងរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា សម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដោយជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានា នៅក្នុងតំបន់៕



អត្ថបទ៖ នារតី