ក្រុមហ៊ុន មេតថេក ស្នើឲ្យអភិបាលខេត្តកំពង់ចាម ជួយបញ្ជូនកម្មករចំនួន ១០.០០០នាក់ មកធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតតាន់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងពេលដឹកនាំគណៈប្រតិភូនៃរដ្ឋបាលខេត្តកំពង់ចាម ចុះទស្សនៈកិច្ចនៅក្រុមហ៊ុន មេតថេក ខេមបូឌា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតតាន់ ក្រុងបាវិត ខេត្តស្វាយរៀង ដែលជាក្រុមហ៊ុនតែមួយ ជាមួយក្រុមហ៊ុន មេតថេក ខេមបូឌា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីរបស់លោកឱ្យសហការជាមួយក្រុមហ៊ុន មេត ថេក ដេីម្បីពង្រីកផែនការជ្រើសរើសបុគ្គលិកនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ដោយជ្រើសរើសកម្មករ កម្មការិនីមូលដ្ឋានចំនួន ១០.០០០នាក់ នៅទូទាំងខេត្តកំពង់ចាម ដើម្បីកម្មករអាចនឹងទទួលអត្ថប្រយោជន៍ជាច្រើនពីគម្រោងនេះ។
បេីតាមឧកញ៉ា ក្លេ មិនយ៉ាង KC អគ្គនាយកក្រុមហ៊ុន មេតថេក (ខេមបូឌា) ខប លីមីធីត បានឱ្យដឹងថា កម្មករដែលចូលរួមក្នុងគម្រោងនេះផ្តល់អត្ថប្រយោជន៍ជាច្រើនពីតំបន់សេដ្ឋកិច្ចពិសេស មេនហាតតាន់ ក្នុងនោះមាន កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរក្នុងប្រាក់ខែ ៧ដុល្លារ ផ្តល់ជូនអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ ហើយប្រាក់ឧបត្ថម្ភអាហារចំនួន ១៣ដុល្លារ ដូច្នេះបើធៀបនឹងការធ្វើការនៅខេត្តកំពង់ចាម កម្មករអាចទទួលបាន ២០ដុល្លារ បន្ថែមទៀតក្នុងមួយខែ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតដែលអនុម័តដោយរដ្ឋាភិបាលកម្ពុជា។
លោកបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេស មេនហាតតាន់ ផ្តល់នូវការបណ្តុះបណ្តាលភាសាអង់គ្លេស, ភាសាចិន,គណនេយ្យ, កុំព្យុទ័រ និងវិធីសាស្ត្របណ្តុះបណ្តាលផ្សេងៗទៀត ក្នុងន័យ ជំរុញឱ្យកម្មករ មានភាពប្រសើរឡើងនូវកម្រិតវិជ្ជាជីវៈរបស់ពួកគេ, ខិតខំរកប្រាក់បៀវត្សរ៍ឱ្យបានកាន់តែខ្ពស់។ លោកបញ្ជា្់ថា រៀងរាល់ថ្ងៃសៅរ៍ ក៏មានការរៀបចំយានជំនិះទទួលកម្មករ ពីបាវិតទៅកំពង់ចាម និងត្រឡប់មកវិញ។ ពោលគឺមានក្រុមជំនាញសម្រាប់គម្រោងនេះ និងទទួលខុសត្រូវលើការជ្រើសរើសបុគ្គលិកទាំងអស់ដូចជា ការបណ្តុះបណ្តាល, ការដឹកជញ្ជូន, អាហារនិងជាបង្អួចបង្ហាញពីទំនាក់ទំនងសម្រាប់កន្លែង ស្នាក់នៅ ។ល។ ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ផ្តល់ឲ្យ