ស្ថាប័នរដ្ឋសិង្ហបុរីទទួលបន្ទុកកិច្ចអភិវឌ្ឍន៍សហគ្រាស អះអាងថា ប្រទេសកម្ពុជា គឺជាផ្នែកមួយសម្រាប់ក្រុមហ៊ុនសិង្ហបុរីផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងជំរុញឲ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន សម្លឹងមើលលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ការអះអាងខាងលើនេះ ស្របពេលដែលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក.) នៅថ្ងៃទី ១៨ ខែមិថុនានេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Kow Juan Tiang នាយកប្រតិបត្តិសហគ្រាសសិង្ហបុរី (Enterprise Singapore-ESG) ដែលជាស្ថាប័នរដ្ឋទទួលបន្ទុកកិច្ចអភិវឌ្ឍន៍សហគ្រាស ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជំរុញវិនិយោគទ្វេទិសរវាងកម្ពុជា និងសិង្ហបុរី។
ក្នុងជំនួបនេះ លោកអគ្គលេខាធិការ បានបញ្ជាក់អំពីលទ្ធភាពធ្វើការរួមគ្នាជាមួយសហគ្រាសសិង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ សំដៅបញ្ជ្រាបការយល់ដឹងពីកាលានុវត្តភាព និងសក្ដានុពលវិនិយោគលើវិស័យអាទិភាពរបស់កម្ពុជា មានជាអាទិ៍៖ វិស័យយានយន្ដ និងអេឡិចត្រូនិច, ឡូជីស្ទីក, និងការកែច្នៃផលិតផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងបម្រើការនាំចេញ រាប់បញ្ចូលទាំងការកែច្នៃកៅស៊ូ ស្វាយចន្ទី និងដំឡូងមី ជាដើម។
នៅក្នុងជំនួបនេះដែរ លោក Kow Juan Tiang នាយកប្រតិបត្តិសហគ្រាសសិង្ហបុរី បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសសិង្ហបុរី ក្នុងការពង្រីកមូលដ្ឋានវិនិយោគរបស់ក្រុមហ៊ុនសិង្ហបុរី លើការដ្ឋានចាស់ក្នុងគោលនយោបាយថ្មី ដែលកម្ពុជាគឺជាផ្នែកមួយសម្រាប់ក្រុមហ៊ុនសិង្ហបុរី ដាក់ការផ្តោតដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
បន្ថែមលើនេះ នាយកប្រតិបត្តិសហគ្រាសសិង្ហបុរី ក៏បានសង្កត់ធ្ងន់លើការបន្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ សំដៅជំរុញឲ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន សម្លឹងមើលលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងការកែច្នៃផលិតផលកសិកម្ម, កសិ-ចំណីអាហារ, និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
កាលពីខែឧសភា ឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៥ ដែលមានទុនវិនិយោគជាង ២៤៦លានដុល្លារ។ ចំពោះគម្រោងវិនិយោគនេះ ប្រទេសចិនឈរនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែកជិត ៥០ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកឯការវិនិយោគក្នុងស្រុកគ្របដណ្ដប់ជិត ៣១ភាគរយឈរនៅលេខរៀងទី ២ ហើយប្រទេសសិង្ហបុរីឈរនៅលេខរៀងទី ៣ ដោយបានរួមចំណែកជាង ១០ភាគរយ នៃទុនវិនិយោគសរុប៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា