មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលស្នើសុំឱ្យក្រុមហ៊ុនអាល្លឺម៉ង់ដែលប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងទីក្រុងទៅកាន់កំពង់ផែសមុទ្រតាមរយៈព្រែកជីកធ្វើការពិចារណាដាក់ទុកវិនិយោគរបស់ខ្លួនលើផ្នែកភស្ដុភារកម្មនៅកម្ពុជា។
ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg នៅប្រទេសអាល្លឺម៉ង់ ដែលធ្វើការវិនិយោគយ៉ាងមមារញឹកក្នុងការដឹកជញ្ជូន និងភស្ដុភារកម្មដោយប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹកក្នុងទីក្រុងទៅកាន់កំពង់ផែសមុទ្រតាមរយៈព្រែកជីក Rhine–Main–Danube ដែលទម្រង់នៃការដឹកជញ្ជូននេះគឺមានភាពស្រដៀងគ្នាទៅនិងគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលនឹងតភ្ជាប់ការដឹកជញ្ជូនពីទន្លេទៅសមុទ្រកម្ពុជា។
បើតាមបណ្តាញសង្គមរបស់លោក ស៊ុន ចាន់ថុល ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន លោកបានបង្ហាញការបញ្ជ្រាបអំពីសក្ដានុពលវិនិយោគ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា និងចុះពិនិត្យមជ្ឈមណ្ឌលដឹកជញ្ជូននិងភស្ដុភារកម្ម និងព្រែកជីក Rhine–Main–Danube របស់អាល្លឺម៉ង់ ព្រមទាំងបានសាកសួរអំពីបទពិសោធន៍នៃការវិនិយោគរបស់ក្រុមហ៊ុនលើគម្រោងយក្សផ្នែកដឹកជញ្ជូននិងភស្ដុភារកម្ម ពិសេសបទពិសោធន៍របស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ព្រែកជីកនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនពីផ្លូវទឹកមកផ្លូវដែកក្នុងប្រទេស ដែលនេះមានប្រយោជន៍សម្រាប់កម្ពុជាប្រើប្រាស់ជាទឡ្ហីករក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយរបស់ខ្លួនបានផងដែរ។ ក្រោយពីមានចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុន Bayernhafen Nürnberg ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជាផងដែរ។
សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក និងផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឧស្សាហកម្មចម្រុះនៅក្នុង Bayernhafen Nürnberg រួមមានអន្តរមធ្យោបាយដឹកជញ្ជូននិងភស្ដុភារកម្ម ការដឹកជញ្ជូនទំនិញ ការកែច្នៃ ឧស្សាហកម្ម ពាណិជ្ជកម្ម ឃ្លាំង និងការផ្តល់សេវាទាក់ទងនឹងការដឹកជញ្ជូនជាដើម៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផេកលោក ស៊ុន ចាន់ថុល