រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា ប្រទេសកម្ពុជា កំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ ការអះអាងនេះ គឺបន្ទាប់ពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅរសៀលថ្ងៃទី ១១ ខែមិថុនានេះ។
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្រសួង បាននិងកំពុងជំរុញគោលនយោបាយកសិកម្ម ឲ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប។ លោកថា នេះជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករ ដែលត្រូវការការគាំទ្រទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី ឌិត ទីណា បានបន្ថែមថា ប្រទេសកម្ពុជា កំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា៖ ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះទៀតលោកថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
តាមរយៈជំនួបដដែលនេះ លោក ឌិត ទីណា ក៏បានលើកឡើងអំពីភាពចាំបាច់នៃកម្ចី ដែលមានអាត្រាការប្រាក់ទាប ដែលអាចជួយជំរុញផលិតកម្មកសិកម្មឲ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ដល់ប្រជាកសិករ៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម