ឃ្លាំងរក្សាទុកគ្រាប់ស្វាយចន្ទីចំនួន៤ ម៉ាស៊ីនញែកគ្រាប់ ទីលានហាលសម្ងួត និងឧបករណ៍វាស់សំណើមគ្រាប់ស្វាយចន្ទី ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ២៣មុឺនដុល្លារអាមេរិកត្រូវបានប្រគល់ជូនដល់សហគមន៍ស្វាយចន្ទីចំនួន៤ផ្សេងៗគ្នា នៅក្នុងស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។
កន្លែងស្តុកថ្មី និងបរិក្ខារកែច្នៃគ្រាប់ស្វាយចន្ទី គឺជាការគាំទ្រដោយជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ «គូសាណូណិ»របស់ជប៉ុន។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ឃ្លាំង និងទីលានហាលសម្ងួតទាំងនេះនឹងអនុញ្ញាតឱ្យបងប្អូនកសិករនៃសហគមន៍ទាំង៤ អាចមានជម្រើសស្តុកទុកគ្រាប់ស្វាយចន្ទីក្រោយពេលប្រមូលផល និងរង់ចាំលក់ចេញវិញពេលដែលទទួលបានតម្លៃល្អពីទីផ្សារ។ លោកថា នេះគឺជាអត្ថប្រយោជន៍បន្ថែមមួយទៀតនៃការចូលរួមផលិតក្រោមទម្រង់ជាសហគមន៍ ក្រៅពីការទទួលបានការគាំទ្រខាងផ្នែកបច្ចេកទេស ទីផ្សារ និងទុន។ ទន្ទឹមនឹងនេះលោកសង្ឃឹមថា បងប្អូនកសិករមកពីសហគមន៍ខាងលើនឹងចូលរួមថែរក្សាប្រើប្រាស់ទ្រព្យសម្បត្តិរួមនេះឱ្យបានជាប្រយោជន៍រួមយូរអង្វែង។
សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងឧបករណ៍សម្ភារៈទាំងនេះគឺជាជំនួយឥតសំណងពីស្ថានទូតជប៉ុន ក្នុងគម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទី គាំទ្រថវិកាដោយគម្រោងគូសាណូណិ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផេកលោក ឃឹម ហ្វីណង់