លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើក្រុមហ៊ុន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា សិក្សាលទ្ធភាពចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ ការស្នើនេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភានេះ។
ក្នុងពិធីនេះ លោកស្រី ចម និម្មល បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងក្រុមការងារក្រុមហ៊ុន Alibaba.com ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការជិតស្និទ្ធ ដោយទទួលបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ លោកស្រី មានជំនឿថា កម្ពុជានឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាព ក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាពក្នុងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ទៅក្នុងទីផ្សារអន្តរជាតិ។
នៅក្នុងឱកាសដដែលនេះ លោកស្រីរដ្ឋមន្ត្រី ក៏បានស្នើ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាពក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗទៀត ដើម្បីគាំទ្រ និងជំរុញបន្ថែមនូវការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជា ឲ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។
ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ណែនាំឲ្យរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ ដើម្បីឲ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់។
ម្យ៉ាងទៀត ត្រូវបន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម