ក្រុមហ៊ុន Nikkei ប្តេជ្ញាចិត្តជួយផ្សព្វផ្សាយណែនាំក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅកម្ពុជា

តាមការស្នើសុំពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ក្រុមហ៊ុន Nikkei Inc. ប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ការប្រកាសប្តេជ្ញាធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន Nikkei Inc. នាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលថ្ងៃព្រហ្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឪកាសជំនួបនោះលោក ស៊ុន ចាន់ថុល ស្នើសុំឱ្យក្រុមហ៊ុនជប៉ុនមកបណ្តាក់ទុននៅប្រទេសកម្ពុជារួមមាន វិស័យអេឡិចត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យាជាដើម ដើម្បីជំរុញការប្រែក្លាយប្រទេសកម្ពុជាពីការប្រើប្រាស់កម្លាំងពលកម្ម ទៅការប្រើប្រាស់ជំនាញបច្ចេកទេសសម្រាប់វិស័យឧស្សាហកម្ម។

តាមដានជាមួយយើង៖ Million Times

សម្រាប់លោក Tsuyosi Hasabe បានបង្ហាញនូវចំណាប់អារម្មណ៍លើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

ក្នុងជំនួបនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានបង្ហាញពីគោលនយោបាយថ្មីក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ដើម្បីសម្រេចបានគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក៏ដូចជាកត្តាអំណោយផលផ្សេងៗក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។

ក្នុងនោះដែរ លោកក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងផែនការថ្មីៗទៀតជាច្រើន រួមមាន គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការលើកកម្រិតផ្លូវជាតិលេខ៥ ពី២គន្លង ទៅ៤គន្លង គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផែនការកសាងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ផេកលោក ស៊ុន ចាន់ថុល