គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីឆ្លងកាត់ការសិក្សាយ៉ាងលម្អិតអស់រយៈពេល ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់ ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គម្រោងនេះជាព្រែកជីកដែលជីកលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់ ហើយធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណនមកម៉្លេះ។ ចំពោះគម្រោងនេះ កម្ពុជាបានធ្វើការសិក្សាយ៉ាងលម្អិតអស់រយៈពេល ២៦ខែ ដោយមានការចូលរួមពីជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់។
លោកបញ្ជាក់ថា អ្នកជំនាញការបច្ចេកទេសជាន់ខ្ពស់សរុបចំនួន៤៨នាក់មានកម្រិតជំនាញជាសាស្រ្តាចារ្យមហាបរិញ្ញាវិទ្យាសាស្រ្តចំនួន ១១នាក់ វិស្វករជាន់ខ្ពស់លំដាប់ពិភពលោកចំនួន ៣០នាក់ និងកម្រិតវិស្វករចំនួន ៧នាក់ ដែលសុទ្ធសឹងដែលមានជំនាញនិងបទពិសោន៍ជាច្រើនឆ្នាំលើវិស្វកម្មសំណង់ផ្លូវទឹក វិស្វកម្មបូមស្តារព្រែកជីក ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម និងគ្រប់ទិដ្ឋភាពជំនាញបច្ចេកទេស លើគ្រប់វិស័យដែលពាក់ព័ន្ធ។
បើតាមលោក ស៊ុន ចាន់ថុល ផ្លូវទឹកនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានក្នុងប្រទេស ឬបង្កផលប៉ះពាល់ជាអវិជ្ជមានឆ្លងដែនទៅប្រទេសជិតខាងបានឡើយ ប៉ុន្តែផ្ទុយទៅវិញគម្រោងនេះនឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទដែលមានសារៈប្រយោជន៍សម្រាប់ការកកើតនៃពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។
លោកបន្តថា ជាក់ស្តែង តាមការសិក្សាយ៉ាងលម្អិតបានបង្ហាញថា បច្ចុប្បន្នទឹកហូរពីទន្លេមេគង្គទៅសមុទ្រមានប្រមាណ ៨០០០ម៉ែត្រគូបក្នុងមួយវិនាទី(8000m3/s) ចំពោះទន្លេបាសាក់មានទំហំ ១៤០០ម៉ែត្រគូបក្នុងមួយវិនាទី(1400m3/s) ចំណែកគម្រោងព្រែកជីកហ្វូណននឹងប្រើប្រាស់ទឹកត្រឹមតែ ៥ម៉ែត្រគូបក្នុងមួយវិនាទី(5m3/s) តែប៉ុណ្ណោះ ឬប្រមាណ ០,០៥៣%។
លោកបានអះអាងថា លទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ។ លោកបន្ថែមទៀតថា ក្រោយគម្រោងដែលអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន ធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ