រាជរដ្ឋាភិបាលបានដាក់ផែនកាលអភិវឌ្ឍន៍ផ្លូវល្បឿនលឿនជាច្រើនសរុប ៩គម្រោង ត្រូវបានបែងចែកជាពីរគឺ រយៈពេលខ្លីនិងមធ្យមចំនួន៤គម្រោង និងរយៈពេលវែងចំនួន៥គម្រោង ហើយគ្រោងនឹងចំណាយថវិការសរុប ៧១៧៣,៦៩ លានដុល្លារអាមេរិច។
ផ្អែកតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ចូនអន្តរមធ្យោបាយនិងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាលឲ្យដឹងថា គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway) នៅកម្ពុជាគឺដើម្បី៖
១.សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល ៖ ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។
២.បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាពផ្នែកភស្តុភារនៅក្នុងប្រទេសពិសេស ពីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស។
៣.ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុងការទទួលបន្ទុកយានយន្តធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានសម្រេចជោគជ័យលើផ្លូវល្បឿនលឿនទី១ គឺពីភ្នំពេញទៅព្រះសីហនុ និងគម្រោងទី២គឺផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតដែលបានបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣។ ចំពោះគម្រោងទី៣គឺផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប ប៉ោយប៉ែត ប្រវែងសរុប៤២០គីឡូម៉ែត្រកំពុងសិក្សាដោយក្រុមហ៊ុនចិន៕
អត្ថបទ៖ នារតី