សមាគមផ្តត់ផ្តង់ជ្រូកកម្ពុជា ដែលមានសមាជិកជាអាជីវករពិឃាតសត្វ ម្ចាស់សត្វឃាត អាជីវករលក់សាច់ជ្រូកតាមផ្សារ កម្មករសត្វឃាត ព្រមទាំងកម្មករដឹកជ្រូករស់ បានប្រមូលគ្នាធ្វើញត្តិមួយស្នើទៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រួលធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់នៅក្រោម១ម៉ឺនរៀលក្នុងមួយគីឡូ ខណៈតម្លៃជ្រូករស់បន្តឡើងថ្លៃរហូតដល់ជាង១ម៉ឺនរៀលក្នុង១គីឡូ។
លោក សាន់ ចាន់ថេត ប្រធានសមាគមផ្តត់ផ្តង់ជ្រូកកម្ពុជា ក្នុងពិធីប្រកាសរចនាសម្ព័ន្ធថ្មីនៃមាគមផ្តត់ផ្តង់ជ្រូកកម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា បានអំពាវនាវដល់សមាជិកនៃសមាគមចូលរួមឱ្យសកម្មដើម្បីការពារផលប្រយោជន៍រួមគ្នា តាមរយៈការទាមទារតាមផ្លូវច្បាប់ លិខិតនានា។
លោកថ្លែងថា បច្ចុប្បន្ននេះតម្រូវសត្វជ្រូរស់នៅកម្ពុជាបន្តឡើងថ្លៃរហូតដល់ជាង១ម៉ឺនរៀលក្នុង១គីឡូដែលនាំឱ្យប៉ះពាល់ដល់ការលក់ដូររបស់សមាជិកសមាគមដែលធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ។ លោកបន្តថាដើម្បីស្វែងរកដំណោះស្រាយ លោកបានប្រមូលសមាជិកសមាគមធ្វើញត្តិមួយស្នើទៅក្រសួងកសិកម្មដើម្បីសម្រួលធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់នៅក្រោម១ម៉ឺនរៀលក្នុងមួយគីឡូ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា តម្លៃជ្រូករស់នៅលើទីផ្សារកម្ពុជាចាប់ផ្ដើមមានពន្លឺឡើងវិញជាបណ្ដើរៗ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកអស់រយៈពេលជាច្រើនខែកន្លងមក ដោយក្នុងមួយគីឡូក្រាមបានហក់ឡើង២០០០រៀលបន្ថែមពីលើតម្លៃចាស់។ ការកើនឡើងនៃតម្លៃជ្រូករស់នេះ លោកកត់សម្គាល់ថាក្រោយពេលរាជរដ្ឋាភិបាលបានសម្រេចបិទការនាំចូលជាបណ្ដោះអាសន្ននូវបំណែកសាច់បង្កកនិងគ្រឿងក្នុងរយៈពេល៦ខែ ពោលគឺចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៤។
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម