៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មរុស្ស៊ី-ចិន កើនឡើង ឯអាមេរិក-ចិន ដាំក្បាលចុះក្រោម

ទិន្នន័យពីរដ្ឋបាលគយចិនបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ពាណិជ្ជកម្មរវាងមហាអំណាចចិន និងរុស្ស៊ីពីខែមករាដល់ខែមេសា ឆ្នាំ ២០២៤ បានកើនឡើង ៤.៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ និងមានទំហំទឹកប្រាក់ ៧៥.៥៨១ ពាន់លានដុល្លារ ។

ក្នុងរយៈពេលនោះ ការនាំចេញទំនិញរបស់ចិនទៅកាន់រុស្ស៊ីមានតម្លៃ ៣២.៧៣៣ ពាន់លានដុល្លារ ប៉ុន្តែថយចុះ ១.៩ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ។ ចំណែករុស្ស៊ីវិញចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២៤ នេះបាននាំចេញទំនិញទៅប្រទេសចិនក្នុងទំហំទឹកប្រាក់ ៤៣.៨៤៧ ពាន់លានដុល្លារ កើនឡើង ១០.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ស្របពេលជាមួយគ្នានេះ គ្រាន់តែក្នុងមួយខែមេសា ពាណិជ្ជកម្ម រុស្ស៊ី-ចិន មានចំនួន ១៩.៧៦៤ ពាន់លានដុល្លារ ក្នុងនោះការនាំចេញរបស់ចិនទៅរុស្ស៊ីមាននចំនួន ៨.៣១៧ ពាន់លានដុល្លារ ហើយការនាំចូលរបស់ចិនពីរុស្ស៊ី មានចំនួន ១១.៤៤៧ ពាន់លានដុល្លារ ។

នៅឆ្នាំ ២០២៣ ពាណិជ្ជកម្មរវាងរុស្ស៊ី និងចិនបានកើនឡើង ២៦.៣ ភាគរយ និងក្នុងទំហំទឹកប្រាក់ ២៤០.១១ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីចិនលោក ស៊ី ជីនពីង បានកំណត់គោលដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ ប៉ុន្តែគោលដៅនេះត្រូវបានសម្រេចតាំងតែពីខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ ។

ចំណែក ទំហំពាណិជ្ជកម្មចិន-អាមេរិកក្នុងខែមករាដល់ខែមេសា ឆ្នាំ២០២៤ បានដាំក្បាលចុះក្រោមប្រមាណ ២.៣ ភាគរយមកនៅត្រឹម ២០៦.៤២ ពាន់លានដុល្លារ ។ ក្នុង​រយៈពេល​នោះ សហរដ្ឋអាមេរិក​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៣ ​របស់​ចិន ដែល​ឈរ​នៅ​ពីក្រោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) និង​សហភាព​អឺរ៉ុប ។

ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលនោះបានថយចុះ ១ ភាគរយ និងមានចំនួន ១៥១.៩២៨ ពាន់លានដុល្លារ ខណៈដែលសហរដ្ឋអាមេរិកបាននាំចេញទំនិញទៅកាន់ចិនមានតម្លៃ ៥៤.៤៩១ ពាន់លានដុល្លារ ធ្លាក់ចុះ ៥.៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។

គ្រាន់តែក្នុងមួយខែមេសា ពាណិជ្ជកម្មចិន-អាមេរិក មានចំនួន ៥៦.៤០៣ ពាន់លានដុល្លារ ដោយអាមេរិកបាននាំចេញទំនិញទៅកាន់ប្រទេសចិន មានតម្លៃ ១៤.៥៨៣ ពាន់លានដុល្លារ និងនាំចូលទំនិញពីចិនវិញមានតម្លៃ ៤១.៨១៩ ពាន់លានដុល្លារ ខណៈពេញមួយឆ្នាំ ២០២៣ ពាណិជ្ជកម្មចិន-អាមេរិកបានធ្លាក់ចុះ ១១.៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន និងក្នុងទំហំទឹកប្រាក់ ៦៦៤.៤៥ ពាន់លានដុល្លារ ៕

តាមដានជាមួយយើង៖ Million Times

បកប្រែ ៖ ទីន