ភ្នំពេញ៖ ការកៀរគរទុនតាមរយៈទីផ្សារមូលបត្រកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងកើនដល់ប្រមាណ ២ ប៊ីលានដុល្លារអាម៉េរិក ទាំងការបោះផ្សាយលក់មូលបត្រជាសាធារណៈ និងជាឯកជន ដែលត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមានសម្រាប់ការរីកចម្រើននៃទីផ្សារមូលធនកម្ពុជា។
ការលើកឡើងនេះ ធ្វើឡើងដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងពិធីបើក វេទិកាវិនិយោគិនលើកទី៦ ស្តីពី «ការសន្សំមូលបត្រ» ដែលរៀបចំឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ដោយ ន.ម.ក. សហការជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. និងមានការចូលរួមពីផ្សារមូលបត្រកម្ពុជា (ផមក.)។
វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីប្រមាណ ១០០នាក់ មកពីនិយ័តករ និងអង្គភាពក្រោមឱវាទនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពនៃវិស័យមូលបត្រ និងលើកកម្ពស់ការយល់ដឹងអំពីឱកាសវិនិយោគនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
ឯកឧត្តម ស៊ូ សុជាតិ បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការទីផ្សារមូលបត្ររដ្ឋ បានចូលរួមជំរុញការអភិវឌ្ឍ និងពង្រឹងទីផ្សារមូលធនកម្ពុជាឱ្យកាន់តែរឹងមាំ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសាធារណជនសាកល្បងចូលរួមទិញមូលបត្រ ឬតាមដានការចុះបញ្ជីមូលបត្រថ្មី ជាពិសេសក្នុងដំណាក់កាល IPO ដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ និងទទួលបានបទពិសោធន៍វិនិយោគជាក់ស្តែង។
ឯកឧត្តមបន្តថា កម្មវិធីនេះនឹងជួយឱ្យសិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមអំពីការវិនិយោគ និងការជួញដូរភាគហ៊ុន តាមរយៈការអនុវត្តជាក់ស្តែងលើកម្មវិធី CSX Trade ព្រមទាំងរួមចំណែកលើកកម្ពស់ការចូលរួមរបស់សាធារណជនក្នុងទីផ្សារមូលធន និងពង្រីកសក្តានុពលវិស័យមូលបត្រនៅកម្ពុជា។
ជាមួយគ្នានេះ លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក. បានឱ្យដឹងថា វិនិយោគិនដែលបើកគណនីជាមួយក្រុមហ៊ុន អាចធ្វើការជួញដូរផលិតផលនៅក្នុងផ្សារមូលបត្រកម្ពុជា ហើយនាពេលខាងមុខ នឹងអាចជួញដូរនៅក្នុងទីផ្សារមូលបត្រអន្តរជាតិផងដែរ។
លោកបានផ្តល់អនុសាសន៍ថា វិនិយោគិនគួរសិក្សាឱ្យបានច្បាស់ពីហានិភ័យ និងផលចំណេញ ស្វែងយល់ពីស្ថានភាពក្រុមហ៊ុនចុះបញ្ជី និងទិសដៅវិនិយោគ ព្រមទាំងគួរប្រើប្រាស់ប្រាក់ដែលនៅសេសសល់សម្រាប់វិនិយោគ ដោយចៀសវាងការខ្ចីបំណុល ឬយកប្រាក់ចំណាយប្រចាំថ្ងៃមកវិនិយោគ។ លោកបន្ថែមថា ការវិនិយោគអាចចាប់ផ្តើមពីទុនតិចតួច ដើម្បីសិក្សាពីចលនាទីផ្សារ មិនចាំបាច់ត្រូវមានប្រាក់រាប់ម៉ឺនដុល្លារនោះទេ។
ក្នុងវេទិកានេះផងដែរ សិក្ខាកាមបានចូលរួមពិភាក្សាសួរដេញដោលជាមួយវាគ្មិន និងអនុវត្តការវិនិយោគជាក់ស្តែងតាមរយៈកម្មវិធី CSX Trade បន្ទាប់ពីទទួលបានលេខអត្តសញ្ញាណវិនិយោគិន និងគណនីជួញដូរភ្លាមៗ៕
អត្ថបទ៖ ប៊ី







