ក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី កើនជិត ២០០%

ពាណិជ្ជកម្ម​កម្ពុជា-សិង្ហបុរី កើន​ជិត ២០០% ក្នុងត្រីមាសទី១ នៃ​ឆ្នាំ ២០២៦ ​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៥៥ លាន​ដុល្លារ ខណៈ​រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម​កម្ពុជា លោកស្រី ចម និម្មល បំពេញ​ទស្សន​កិច្ច​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​សិង្ហបុរី។

តាមដានជាមួយយើង៖ Million Times

របាយ​ការណ៍​បាន​បង្ហាញ​ថា ចាប់ពី​ខែ​មករា-មីនា ឆ្នាំ ២០២៦ កម្ពុជា បាន​នាំ​ចូល​ពី​សិង្ហបុរី មាន​តម្លៃ​រហូត​ដល់ ៥៣៧ លាន​ដុល្លារ កើន​ឡើង ២០៥,៩% ខណៈការនាំចេញពីកម្ពុជា ទៅសិង្ហបុរី មាន​ត្រឹមតែ ១៨ លាន​ដុល្លារ កើន​ឡើង ២៤,២% ប៉ុណ្ណោះ បើ​​ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង​នោះ ការ​នាំ​ចូល​ភាគច្រើន ជា​ប្រេងឥន្ធនៈ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ បន្ថែម។ ជាក់ស្ដែង នៅថ្ងៃ១០ ខែ​មេសា ឆ្នាំ ២០២៦ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី Grace Fu រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ចីរភាព និង​ជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃ​សាធារណរដ្ឋ​សិង្ហបុរី បាន​ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង។

អនុស្សរណៈ​នេះ​បង្ហាញ​ពី​ការប្​តេជ្ញាចិត្តរួម ក្នុងការធានាស្ថិរភាព តម្លាភាព និង​ប្រសិទ្ធភាព​នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ស្បៀង ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​សិង្ហបុរី​មាន​ការ​កើន​ឡើង។ ព្រមទាំងគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី និង​បង្កើត​ឱកាស​ថ្មី​ៗ ប្រកប​ដោយ​ចីរភាព​សម្រាប់​វិស័យ​កសិកម្មកម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ គេរំពឹងថា នឹងជួយបង្កើនការនាំចេញរបស់កម្ពុជា ទៅសិង្ហបុរី និង​បន្ថយ​គម្លាត​ឳនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ផងដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Cham Nimul