ក្រសួងឧស្សាហកម្ម គាំទ្រក្រុមហ៊ុន Haier Haitech ក្នុងការវិនិយោគនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Haier Haitech ដឹកនាំដោយលោក Liu Wei ដើម្បីពិភាក្សាគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតឧបករណ៍បច្ចេកវិទ្យា ការនាំយកដំណោះស្រាយឌីជីថល និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកវិទ្យានៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “យើងស្វាគមន៍ចំពោះវឌ្ឍនភាពនៃផែនការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការរៀបចំខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា។ ក្រសួងក៏ត្រៀមលក្ខណៈគាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងការរៀបចំប្លង់បច្ចេកទេសរោងចក្រ លិខិតអនុញ្ញាត និងការការពារកម្មសិទ្ធិឧស្សាហកម្ម។”

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអនុវត្តគម្រោងនេះជាដំណាក់កាល ដើម្បីបង្ហាញប្រសិទ្ធភាព និងសក្តានុពលនៃបច្ចេកវិទ្យារបស់ខ្លួន មុននឹងពង្រីកវិសាលភាពទូលំទូលាយនៅទូទាំងប្រទេស។

តាមដានជាមួយយើង៖ Million Times

សម្រាប់គម្រោងជំហានទី១ ក្រុមហ៊ុនគាំទ្រដល់ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក (E-education) ជាមួយឧបករណ៍តម្លៃធូរថ្លៃ និងថ្នាលអប់រំនិងបណ្តុះបណ្តាលដ៏មានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “ក្រុមហ៊ុនអាចចាប់ផ្តើមជាមួយគម្រោងសាកល្បង ក្នុងការណែនាំផលិតផល និងដំណោះស្រាយរបស់ខ្លួន។ បន្ទាប់ពីនោះ យើងអាចកៀរគរភាគីពាក់ព័ន្ធកាន់តែទូលំទូលាយ និងពិចារណាជំហានបន្ទាប់។”

លោក Liu Wei បានបង្ហាញការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Haier Haitech នៅកម្ពុជា ដោយបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន រួមបញ្ចូលទាំងការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពធនធានមនុស្សក្នុងស្រុកផង។

លោកបានលើកឡើងថា៖ “យើងមិនគ្រាន់តែចង់លក់ផលិតផលទេ ប៉ុន្តែយើងចង់នាំយកបច្ចេក​វិទ្យា បង្កើតខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ បណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក និងសហការជាមួយកម្ពុជា សម្រាប់អនាគតរយៈពេលវែង។”

ក្រុមហ៊ុន Haier Haitech ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Haier Group មានបណ្តាញរោងចក្រចំនួន ១៦៣ ទីតាំង និងផ្តល់ដំណោះស្រាយចម្រុះ រួមបញ្ចូលទាំងឧបករណ៍រឹង (hardware) និងសូហ្វវែរ គ្របដណ្តប់វិស័យសំខាន់ៗ ដូចជាការអប់រំតាមប្រព័ន្ធឌីជីថល សុខាភិបាលឆ្លាតវៃ ទីក្រុងឆ្លាតវៃ និងខ្សែច្រវាក់ផលិតកម្មឆ្លាតវៃ ដោយមានប្រតិបត្តិការនៅជាង ៦០ ប្រទេសជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំខាងលើ ក៏មានការចូលរួមពីសំណាក់ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន KH Haitech និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ SAM SN GROUP ផងដែរ។ ក្រុមហ៊ុន KH Haitech គឺកើតចេញពីកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុនកម្ពុជា ក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុន Haitech (បុត្រសម្ព័ន្ធ Haier Group) របស់ប្រទេសចិន៕

អត្ថបទ៖ ប៊ី