កម្ពុជារំពឹងថានឹងទទួលបានទុនវិនិយោគកាន់តែច្រើនពីកូរ៉េ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក

តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថានឹងទទួលបាននូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ ឯកឧត្តម KIM Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ។

កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., តំណាងជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងតំណាងសមាគមធុរកិច្ច និងវិស័យឯកជនកូរ៉េយ៉ាងច្រើនកុះករ។

តាមដានជាមួយយើង៖ Million Times

ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកូរ៉េ និងបានគូសបញ្ជាក់ជាថ្មីនូវឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាចំពោះករណីអាទិភាពនានា សំដៅបង្កលក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយបានផ្តោតលើការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម KIM Changyong បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៣នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនកូរ៉េបានលើកឡើង។

ឯកឧត្តមបានយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងរដ្ឋនិងវិស័យឯកជន ដែល ក.អ.ក. បានរៀបចំទទួលកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ដែលជាវេទិកាមួយផ្ដល់ឱកាសឱ្យភាគីរដ្ឋ និងឯកជន អាចជជែកពិភាក្សាក្រៅផ្លូវការបានយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល។

ស្របពេលដែលស្ថានការណ៍តំបន់ និងសកលលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងមានការផ្លាស់ប្តូរឥតឈប់ឈរ ភាគីទាំងពីរបានឯកភាពគ្នាថា ទាំងផ្នែករដ្ឋនិងឯកជន ចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ និងកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព។ ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងក្លាយជាសក្ខីកម្មដ៏រឹងមាំក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-កូរ៉េ ឱ្យឈានដល់កម្រិតថ្មីមួយទៀតដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកប្រកបដោយចីរភាព។

កិច្ចសន្ទនាលើកទី៣ នេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ជារួម លទ្ធផលនៃកិច្ចសន្ទនានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវភាពជោគជ័យរបស់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនកូរ៉េ៕

អត្ថបទ៖ ប៊ី