អ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំវិស័យឯកជន ស្វែងរកដំណោះស្រាយបង្កើនប្រសិទ្ធភាព វិស័យថាមពលនៅកម្ពុជា ខណៈតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន កើនឡើងជាសកល

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល​ក្រុម​ការងារ​ផ្នែក​ឯកជន សម្រាប់​យន្តការ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន (គ.ស.ឯ.រ .ជ) បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​តំណាង​វិស័យ​ឯកជន ដើម្បី​ពិភាក្សា «បញ្ហា​ប្រឈម និង​ដំណោះស្រាយ​យុទ្ធសាស្ត្រ ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​វិស័យ​ប្រេង​ឥន្ធនៈ ឧស្ម័ន និង​ថាមពល​នៅ​កម្ពុជា» ខណៈ​ដែល​តម្លៃ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​កើន​ឡើង​ជា​សកល។

តាមដានជាមួយយើង៖ Million Times

កិច្ច​ប្រជុំនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃ ៨ ខែ​មេសា ឆ្នាំ២០២៦ នៅ​អគារ​វីងថាវើ មាន​ការ​ចូលរួម​ពី​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ប្រធាន​សភា​ពាណិជ្ជកម្ម​តាម​បណ្ដា​ខេត្ត តំណាង​ក្រុម​ការងារ​ទាំង ១៦ ផ្នែកឯកជន ក៏ដូចជាតំណាងសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ និង​ម្ចាស់​ក្រុមហ៊ុន​មក​ពីវិស័យថាមពល ដឹកជញ្ជូន វាយនភណ្ឌ និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។

ក្នុង​កិច្ចប្រជុំ​នេះ វិស័យ​ឯកជន បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ជាចម្បង ដែល​បណ្ដាល​មកពី​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន បាន​ប៉ះពាល់​ដល់​ថ្លៃ​ដើម​ផលិតកម្ម និង​ការ​ប្រកួត​ប្រជែង​អាជីវកម្ម។ ពួកគេ​បាន​ស្នើ​ឲ្យ​សភា​ពាណិជ្ជកម្ម​កម្ពុជា ជួយ​ស្វែងរក​ដំណោះស្រាយ និង​នាំ​យក​បញ្ហា​ទាំងនេះ​ទៅ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល ដើម្បី​ពិចារណា​ដាក់​ចេញ​វិធានការ​សមស្រប​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​តម្លៃ​សកល។

តំណាង​ក្រុមហ៊ុន​មួយ​ចំនួន ក៏បានស្នើឲ្យរាជរដ្ឋាភិបាល តាមរយៈសភាពាណិជ្ជកម្មកម្ពុជា ពិចារណា​ព្យួរ​ការ​យក​ថ្លៃ​សេវាប្រើប្រាស់អគ្គិសនីសម្រាប់រោងចក្រដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) ជា​បណ្ដោះអាសន្ន និង​ពិចារណា​បង្កើន​ទម្ងន់​ផ្ទុក​ទំនិញ សម្រាប់ការដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ និង​កសិផល។

ក្នុង​ឱកាស​នោះ អ្នកឧកញ៉ា គិត ម៉េង បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ដើម្បី​ពង្រឹង​សន្តិសុខ​ថាមពល និង​ភាព​ធន់​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​កម្ពុជា កំពុង​ប្រឈម​នឹង​ភាព​មិនប្រាកដប្រជាជាសកល និងបញ្ហាប្រឈមក្នុងតំបន់។

អ្នកឧកញ៉ា បាន​បញ្ជាក់​ថា វិស័យ​ថាមពល គឺជាសសរស្ដម្ភសំខាន់នៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែ​កំពុង​ប្រឈម​នឹង​សម្ពាធ​ពី​ការ​ប្រែប្រួល​តម្លៃ​សកល និង​ការ​រំខាន​ខ្សែ​សង្វាក់​ផ្គត់ផ្គង់។ ការ​កើន​ឡើង​តម្លៃ​ប្រេង និង​ឧស្ម័ន ដោយសារ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ថ្លៃដើម​ផលិតកម្ម និង​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​ប្រទេស៕

អត្ថបទ៖ ឆដា, រូបភាព៖ cnc