រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន និងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីត្រៀមអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL)

ថ្មីៗ​នេះ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ជាមួយ​ក្រុមហ៊ុន និង​សមាគម​អ្នក​សាងសង់​កម្ពុជា ដើម្បី​ត្រៀម​អនុវត្ត​កម្មវិធី​វាយតម្លៃ​ទទួល​ស្គាល់​ជំនាញ​ពី​មុន (RPL) របស់​អតីត​ពលករ​មកពី​ថៃ។

តាមដានជាមួយយើង៖ Million Times

រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​អរគុណ​ចំពោះ​ក្រុមហ៊ុន​សមាគម​អ្នក​សាងសង់​កម្ពុជា តំណាង​អ្នក​អភិវឌ្ឍន៍​វិស័យ​សំណង់ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចំណាយ​ពេល​វេលា​ចូលរួម​ក្នុង​កម្មវិធី​នេះ ដោយ​គូស​បញ្ជាក់​ពី​គោលដៅ​កម្មវិធី RPL គឺ​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស បង្កើន​ផលិតភាព និង​ភាព​ប្រកួតប្រជែង និង​បំប្លែង​បទពិសោធ​ការងារ​ទៅ​ជា​វិញ្ញាបនបត្រ​ផ្លូវការ ជាពិសេស​សម្រាប់​វាយតម្លៃ​អតីត​ពលករ​មកពី​ប្រទេស​ថៃ​ក្នុង​ជំហាន​ដំបូង ១ ម៉ឺន​នាក់។

ការ​រៀប​ចំ​ការ​ធ្វើតេស្ត RPL ជូន​អតីត​ពលករ​មក​ពី​ថៃ ដោយ​ឥត​គិត​ថ្លៃ​នេះ ធ្វើ​ឡើង​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ និង​ទទួលស្គាល់​លើ​មុខ​ជំនាញ ៨ ក្នុង​វិស័យ​សំណង់ ដែល​បងប្អូន​អាច​យក​ទៅ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ល្អ​និង​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន។ ការធ្វើតេស្តក្នុងជំហានទី១ នេះ​គឺ​នឹង​ធ្វើ​ឡើង​ជា​រៀងរាល់​ចុង​សប្ដាហ៍ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ ២៤ ខែ​មេសា ឆ្នាំ២០២៦ នៅ​តាម​រាជធានី-ខេត្ដ​គោល​ដៅ ៦ រួមមាន ភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ និង​ខេត្ត​ស្វាយរៀង ដោយ​លោក​សង្កត់​ធ្ងន់​ថា បើ​ជំហាន​ទី ១នេះទទួលជោគជ័យ ក្រសួង​នឹង​បន្ត​កម្មវិធី​នេះ​ទៅ​ជំហាន​ទី​២ទៀត ដែល​ក៏​នឹង​ផ្ដោត​លើ​កម្លាំង​កម្មករ​ក្នុង​ស្រុក​ផង​ដែរ។

ដើម្បី​ការ​អនុវត្ត​ទទួល​ជោគជ័យ ស្របតាម​ផែនការ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព លោក ហេង សួរ បាន​ណែនាំ​ឲ្យ​អង្គភាព​គ្រប់គ្រង​គម្រោង​បន្ត​តាម​ដាន​ផែន​ការ និង​ជំរុញ​ការ​អនុវត្ត​ស្រប​តាម​យន្តការ​ដែល​បាន​កំណត់ ដោយ​ណែនាំ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទទួលស្គាល់ និង​ប្រើ RPL ជា​មូលដ្ឋាន​ក្នុង​ការ​ជ្រើសរើស និង​កំណត់​ប្រាក់​ឈ្នួល បើក​ឱកាស​ការងារ​ដល់​អតីត​ពលករ​ពី​ថៃ និង​អនុញ្ញាត​ឲ្យ​វិស្វករ និង​បុគ្គលិក​បច្ចេកទេស​ចូលរួម​បណ្ដុះបណ្ដាល ដើម្បី​ក្លាយ​ទៅជា​អ្នក​វាយតម្លៃ (Assessor)។ ចំពោះ​គ្រឹះស្ថាន និង​មន្ត្រីអនុវត្ត ត្រូវវាយតម្លៃតាមស្តង់ដាបច្ចេកទេស និង​ថែរក្សាតម្លៃ RPL, ពង្រីកការផ្សព្វផ្សាយ RPL ទៅតំបន់ជនបទ និងព្រំដែន។

ជំនាញទាំង ៨នោះរួមមាន៖ (១) ការងារ​កំបោរ (រៀប​ឥដ្ឋ​និង​បូក), (២) ការងារ​ការ៉ូ, (៣) ការ​ដំឡើង​ពុម្ព, (៤) ការ​ដំឡើង​បណ្ដាញ​បំពង់​ទឹក, (៥) ការ​ដំឡើង​បណ្ដាញ​អគ្គិសនី​ក្នុង​អគារ, (៦) ការងារ​រន្ទា, (៧) ការ​ដំឡើង​សរសៃ​ដែក និង​ការ​ផ្សារ​អគ្គិសនី៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ