កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងកើនដល់ជិត ៥ ភាគរយ ក្នុងឆ្នាំ ២០២៦ នេះ

កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៤,៩ ភាគរយ ជាមួយនឹងអត្រាអតិផរណា ២,៩ ភាគរយនៅឆ្នាំ ២០២៦ ដោយសារភាពមិនប្រាកដប្រជាពីខាងក្រៅបានជះឥទ្ធិពលដល់សន្ទុះកំណើន។ នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចតំបន់អាស៊ាន+៣ ចុងក្រោយបង្អស់របស់ AMRO។

កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានការថមថយបន្តិចក្នុងឆ្នាំ ២០២៦ ធៀបនឹងកំណើនប្រមាណ ៥,២ ភាគរយនៅឆ្នាំ ២០២៥។ ទោះបីជាបីយ៉ាងណាក៏ដោយ ទស្សនវិស័យនេះបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែស្ថិតក្នុងស្ថានភាពស្ថិរភាព និងមានការព្យាករណ៍ថាកំណើននឹងងើបឡើងវិញដល់ ៥,២ ភាគរយនៅឆ្នាំ ២០២៧ ដែលគាំទ្រដោយកំណើននៃការវិនិយោគជាបន្តបន្ទាប់ និងការធ្វើពិពិធកម្មនាំចេញ។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តគាំទ្រដោយវិស័យផលិតកម្ម ដែលផ្តោតលើការនាំចេញរបស់ខ្លួន ទោះបីជាតម្រូវការសកលកាន់តែទន់ខ្សោយ និងវិស័យពាណិជ្ជកម្មត្រូវបានរំពឹងថានឹងទទួលបានរងផលប៉ះពាល់ ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក៏ដោយ។

តាមដានជាមួយយើង៖ Million Times

ក្នុងពេលជាមួយគ្នានេះ ការកើនឡើងនៃលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសទៅក្នុងឧស្សាហកម្មមិនមែនកាត់ដេរ កំពុងជួយពង្រីកមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសកម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណី។

ទន្ទឹមនឹងនេះ អតិផរណាត្រូវបានព្យាករថានឹងកើនឡើងដល់ ២.៩ ភាគរយនៅឆ្នាំ ២០២៦ កើនឡើងពី ២.៥ ភាគរយនៅឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្លៃថាមពលសកល និងភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត។ ទោះបីជាមានការកើនឡើងនេះក៏ដោយ សម្ពាធតម្លៃនៅតែមានកម្រិតមធ្យម ដែលបង្ហាញថាលក្ខខណ្ឌតម្រូវការក្នុងស្រុកមានស្ថេរភាព ហើយហានិភ័យអតិផរណាអាចគ្រប់គ្រងបាន។

ការកើនឡើងកម្រិតមធ្យមនៃអតិផរណាទំនងជាមិនធ្វើឱ្យប៉ះពាល់ដល់អំណាចទិញយ៉ាងខ្លាំងនោះទេ ប៉ុន្តែវាបង្ហាញពីការងាយនឹងរងផលប៉ះពាល់របស់ប្រទេសកម្ពុជាទៅនឹងផលប៉ះពាល់ខាងក្រៅ ជាពិសេសការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈ និងនាំចូល។

យ៉ាងណាក៏ដោយ ទស្សនវិស័យរយៈពេលមធ្យមរបស់ប្រទេសកម្ពុជានៅតែវិជ្ជមាន។ ការរួមបញ្ចូលគ្នានៃលំហូរចូលវិនិយោគដែលមានស្ថិរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ចបន្តិចម្តងៗ និងការនាំចេញដែលមានភាពធន់ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការវិលត្រឡប់ទៅរកកំណើនដ៏រឹងមាំជាងក្រោយឆ្នាំ ២០២៦ ដែលពង្រឹងជំហររបស់ប្រទេសកម្ពុជាជាសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំងមួយនៅក្នុងតំបន់៕

អត្ថបទ៖ ប៊ី