ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោកស្រី អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោកស្រី អ៊ុលឃូ ខូខាអ៊ីវ នៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន។ ទន្ទឹមគ្នានេះដែរ សម្តេច មានអារម្មណ៍ថា សម្តេចទើបបានជួបលោកស្រីឯកអគ្គរដ្ឋទូតថ្មីៗនេះសោះ ឥឡូវត្រូវបញ្ចប់អាណត្តិការទូតទៅហើយ។ ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីក ចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន កាលជានាយករដ្ឋ មន្ត្រី បានបំពេញទស្សនកិច្ចនៅប្រទេសតួកគីនាឆ្នាំ២០១៩។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានោះដែរ លោកស្រី អ៊ុលឃូ ខូខាអ៊ីវ បានថ្លែង អំណរគុណជ្រាលជ្រៅ ជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូនលោកជំទាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសនេះ។ លោកស្រីបានថ្លែងកោតសរសើរ សម្តេច ប្រធានរដ្ឋសភា ថាជាស្ត្រីថ្នាក់ដឹកនាំមួយរូប ដែលពោរពេញដោយសមត្ថភាពនិងទេពកោសល្យ។


សម្តេចប្រធានរដ្ឋសភា បានស្នើដល់ប្រទេសតួកគីយ៉េ បន្តផ្តល់ការគាំទ្រកម្ពុជាលើវិស័យអប់រំ និងការបណ្តុះ បណ្តាលធនធានមនុស្ស ពីព្រោះថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់លើការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិឈានឆ្ពោះសម្រេចបាននូវចក្ខុ វិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕

អត្ថបទ៖ ឆដា, រូបភាព៖ National Assembly Of Cambodia



