ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP បានចេញផ្សាយរបាយការណ៍ «បញ្ញាសិប្បនិម្មិត (AI) ៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា» នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដែលរៀបចំឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការក្រសួង។
របាយការណ៍នេះត្រូវបានរៀបចំឡើង តាមរយៈការពិគ្រោះយោបល់ស៊ីជម្រៅ ជាមួយអ្នកជំនាញមកពីស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា អ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់អភិបាលកិច្ច AI ដែលអនុលោមតាមបរិបទជាតិ និងបទដ្ឋានអន្តរជាតិ។ គោលបំណងសំខាន់គឺដើម្បីតម្រង់ទិសតួអង្គពាក់ព័ន្ធក្នុងវិស័យ AI នៅកម្ពុជា ឱ្យឈានទៅរកការសម្រេចបាននូវកំណើនសង្គម-សេដ្ឋកិច្ច ដែលផ្អែកលើអភិក្រមនៃក្រមសីលធម៌ សមធម៌ និងបរិយាបន្ន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងអំពីឥទ្ធិពលធំធេងរបស់ AI និងភាពចាំបាច់នៃសកម្មភាពដែលកម្ពុជាត្រូវអនុវត្តឱ្យបានឆាប់រហ័ស ដោយបញ្ជាក់ថា៖ «នៅទូទាំងពិភពលោក AI កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញបរិវត្តកម្មឧស្សាហកម្ម និងកែប្រែអភិបាលកិច្ច។ AI ផ្តល់ឱ្យកម្ពុជានូវឱកាសដ៏កម្រមួយ ក្នុងការរំលងដំណាក់កាលអភិវឌ្ឍន៍មួយចំនួន ដោយបង្កើនល្បឿននវានុវត្តន៍ កែលម្អការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និងពង្រឹងការធ្វើគោលនយោបាយផ្អែកលើភស្តុតាងនៅគ្រប់វិស័យ។”
ឯកឧត្តមបានរំលេចនូវអភិក្រមដែលផ្អែកលើសសរស្តម្ភចំនួន៣ គឺនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន ដោយលើកឡើងថា៖ “ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវតែយកមនុស្សជាស្នូល ហើយក្រមសីលធម៌មិនមែនជាឧបសគ្គចំពោះនវានុវត្តន៍ទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដែលធានាធម្មានុរូប និងចីរភាពនៃបច្ចេកវិទ្យា។”
លោក Jonathan Tsuen Yip Wong ប្រធានផ្នែកនវានុវត្តន៍ សហគ្រាស និងការវិនិយោគនៃ UN-ESCAP បានលើកឡើងថា៖ “បរិយាបន្នគឺជាបញ្ហាចម្បងមួយ ព្រោះមនុស្សជាច្រើន និងបណ្តាប្រទេសមួយចំនួនមិនអាចតាមទាន់នូវការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃ AI ។ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល គ្រឹះស្ថានសិក្សា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់ ប្រសិនបើយើងចង់បង្កើតគោលនយោបាយដែលមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។”

សិក្ខាសាលាក៏បានប្រមូលផ្តុំអ្នកជំនាញ តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងតំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ ពីគោលនយោបាយ ទៅការអនុវត្តជាក់ស្តែង។ អ្នកចូលរួមក៏បានលើកឡើងពីសារសំខាន់នៃកិច្ចសហការដើម្បីធានាថា AI ត្រូវបានអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ខណៈដែលតួអង្គពាក់ព័ន្ធបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី AI មួយ ដែលដំណើរការដោយនវានុវត្តន៍ ដឹកនាំដោយក្រមសីលធម៌ និងមានបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕
អត្ថបទ៖ ប៊ី



