នាវាជើងទឹករុស្ស៊ី ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី

នៅព្រឹកថ្ងៃ ៦​ ខែមេសា ឆ្នាំ ២០២៦ នេះ​មាន​នាវាចម្បាំងដ៏មានអនុភាពលើលំហសមុទ្ររបស់រុស្ស៊ី ២ គ្រឿង បាន​ចូលចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ តាម​ការ​គ្រោងទុក។

តាមដានជាមួយយើង៖ Million Times

ការ​មក​ដល់​របស់​នាវា​ចម្បាំង​ទាំង ២ គ្រឿង ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​លោក​ឧត្តម​នាវីត្រី អ៊ិន សុខេមរា មេបញ្ជាការ​រង​មូលដ្ឋាន​សមុទ្រ​រាម ជាមួយ​នាយ​នាវី​ពល​នាវី​កង​ទ័ព​ជើង​ទឹក​កម្ពុជា ៦០ នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ផងដែរ។

ដំណើរ​ទស្សនកិច្ច​របស់​កងទ័ព​ជើង​ទឹក​រុស្ស៊ី និង​នាវា​ចម្បាំង​ទាំង ២ គ្រឿងនេះ គឺជា​កម្មវិធី​មួយ ដើម្បី​លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និង​រុស្ស៊ី ដែល​ប្រទេស​ទាំង ២ តែង​ប្រកាន់​យក​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង។

ក្រោយ​ពេល​ចូល​ចត​នៅ​កម្ពុជា​បើ​តាម​កម្មវិធី មេបញ្ជាការ និង​នាវិក​នៅ​លើ​នាវា​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត និង​លោក​ឧត្ដម​នាវី​ទោ ម៉ី ឌីណា មេ​បញ្ជា​ការ​មូលដ្ឋាន​សមុទ្រ​រាម។

ក្រៅពី​នោះ​ជំនួប ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​ការពារ​ជាច្រើន​រូប​ទៀត នឹង​អញ្ជើញ​ទស្សនកិច្ច​លើ​នាវា​ផង​ដែរ។នាវា Sovershennyy (សូវឺ​សេននី) លេខ​នាវា៖ 333 ប្រភេទ៖ Corvette (នាវា​ចម្បាំង​ទំហំ​មធ្យម មាន​មីស៊ីល​ណែនាំ) ចូល​បម្រើ​ការងារ៖ ឆ្នាំ ២០១៧ នាវា​នេះ​គឺជា​នាវា​ចម្បាំង​ទំនើប​ដែល​រចនា​ឡើង សម្រាប់​ប្រតិបត្តិការ​នៅ​តំបន់​សមុទ្រ​ជិតឆ្នេរ (littoral warfare) និង​ការ​ការពារ​តំបន់។

នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់​៨ ខែមេសា ឆ្នាំ ២០២៦ នេះ រួមមាននាវា Sovershenny លេខ៣៣៣ និង​នាវា Rezky លេខ៣៤៣។ នាវា​ចម្បាំង​ទាំងពីរគ្រឿងនេះ ដឹកនាំ​ដោយ​មេ​បញ្ជាការ នាវា ២ រូប និងមាននាវិកសរុបប្រមាណ ២៦២នាក់។ នាវានេះ មានប្រវែងបណ្តោយ ១០៤ ម៉ែត្រ ទទឹងប្រមាណ ១១ ម៉ែត ទម្ងន់​ប្រមាណ ២ ២០០ តោន

ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី នាវា​ចម្បាំងរបស់រុស្ស៊ី បាន​ចូលចត និងទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ កាលពីឆ្នាំ២០២៥ អំឡុងខែមេសា និងឧសភា ក្រុមនាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានចូលមកចតនៅកម្ពុជា នៅឯកំពង់ផែស្វយ័តព្រះសីហនុ។ ក្នុង​របាយការណ៍បានបង្ហាញ​ថា គិតចាប់ពីឆ្នាំ២០១១ មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ៨ លើក ស្មើ ១៨ គ្រឿងផងដែរ៕

អត្ថបទ៖ឆដា, រូបភាព៖ នាយកដ្ឋានព័ត៌មាន