ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំកិច្ចពិភាក្សាកម្រិតខ្ពស់ ជាមួយក្រុមបេសកកម្មរៀបចំកម្មវិធីសម្រាប់ប្រទេសកម្ពុជា ដោយផ្តោតលើបរិវត្តកម្មឧស្សាហកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានបង្ហាញផែនការផ្តល់ហិរញ្ញប្បទាន តាមរយៈគម្រោងចំនួន៤ សម្រាប់ឆ្នាំ២០២៦–២០២៩ ដោយកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានបន្តគាំទ្រដោយវិស័យផលិតកម្មសម្រាប់ការនាំចេញ ទោះបីមានសម្ពាធពីខាងក្រៅក៏ដោយ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “យើងពិតជាអរគុណចំពោះភាពជាដៃគូ និងការបន្តគាំទ្ររបស់ ADB ដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។”
ឯកឧត្តមបានលើកឡើងពីសារសំខាន់នៃកម្មវិធីហិរញ្ញប្បទានពហុដំណាក់កាល (MFF) ដែលជាឧបករណ៍សំខាន់សម្រាប់ជំរុញអាទិភាពជាតិក្នុងរយៈពេលវែង។
លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេសរបស់ ADB បានបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំ និងបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ក្រសួងឧស្សាហកម្ម ដោយលើកឡើងថា៖ “យើងមានមោទនភាពចំពោះភាពជាដៃគូដ៏រឹងមាំ និងពិសេសនេះ។ ភាពធន់របស់កម្ពុជាកំពុងជម្នះបានលើបញ្ហាប្រឈមជាច្រើនដែលកម្ពុជាមាន។”

លោកស្រីបានបន្ថែមថា បទពិសោធន៍របស់ក្រសួងឧស្សាហកម្ម ក្នុងការអនុវត្តវិធីសាស្ត្រកម្មវិធី (Programmatic Approaches) គឺជាគំរូសម្រាប់វិស័យផ្សេងទៀត ខណៈដែល ADB កំពុងឈានដល់ជិតពាក់កណ្ដាលអាណត្តិ នៃកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំប្រទេសរបស់ខ្លួន។
លោកស្រីក៏បានបញ្ជាក់ថា ADB កំពុងពិចារណាយន្តការគាំទ្របន្ថែម រួមទាំងជំនួយមូលនិធិ និងហិរញ្ញប្បទានឆ្លើយតបនឹងវិបត្តិ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩។
ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការពង្រឹងមូលដ្ឋានឧស្សាហកម្ម ដើម្បីត្រៀមចាកចេញពីក្រុមប្រទេស LDC ដោយលើកឡើងថា៖ “សម្រាប់យើង ការចាកចេញពី LDC មិនមែនគ្រាន់តែជាបង្គោលចរដែលត្រូវអបអរនោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺការត្រៀមលក្ខណៈដើម្បីចាកចេញដោយជោគជ័យ ដែលទាមទារការកសាងសមត្ថភាពជាតិសំខាន់ៗ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធគុណភាព សមត្ថភាពនៃឧស្សាហកម្មក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យា ដើម្បីរក្សាភាពប្រកួតប្រជែងរយៈពេលវែង៕”

អត្ថបទ៖ ប៊ី



