កាលពីរសៀលថ្ងៃ ១ ខែមេសា ឆ្នាំ ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយ លោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការជំរុញការវិនិយោគ និងការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីបច្ចុប្បន្នភាពនៃគម្រោងពង្រីកវិសាលភាព កំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ក្រោមជំនួយហិរញ្ញប្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ដែលនឹងក្លាយជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។
គណៈប្រតិភូជប៉ុន បានជម្រាបជូនពីជោគជ័យនៃគម្រោងវិនិយោគ កសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា ដែលបច្ចុប្បន្នកំពុងផ្គត់ផ្គង់ក្នុងផ្សារទំនើប AEON និងភោជនីយដ្ឋានល្បីៗ ហើយកំពុងសិក្សាលទ្ធភាពពង្រីកផលិតកម្ម ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការកោតសរសើរ និងលើកទឹកចិត្តឲ្យសមាគមពិនិត្យឱកាសវិនិយោគបន្ថែមលើ កសិដ្ឋានចិញ្ចឹមបង្គា និងមច្ឆជាតិផ្សេងៗទៀតដែលមានតម្រូវការទីផ្សារខ្ពស់។


គោលដៅបន្តសន្ទុះនៃការទាក់ទាញវិនិយោគ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីផែនការរៀបចំ បេសកកម្មគោះទ្វារវិនិយោគនៅជប៉ុន នាពេលខាងមុខ ក៏ដូចជាការរៀបចំកម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast) ដើម្បីផ្ដល់វេទិកាពិភាក្សាដោយផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនវិនិយោគិន៕
អត្ថបទ៖ ឆដា, រូបភាព៖ Chanthol Sun DPM



