សំបុត្រយន្តហោះនៅកម្កុជាកើនឡើង ២៤ ដុល្លារ ខណៈតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង

សំបុត្រយន្តហោះនៅកម្កុជាកើនឡើងជាមធ្យមប្រមាណ ២៤ ដុល្លារ ហើយយ៉ាងហោចណាស់ក្រុមហ៊ុនអាកាសចរណ៍មានចំនួន ១៨ ក្រុមហ៊ុន ក្នុងចំណោម ៣៦ ក្រុមហ៊ុន បានសម្រេចដំឡើងថ្លៃសំបុត្រយន្តហោះ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ​ការប្រែប្រួលលើតម្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មានចំនួន ១៨ក្រុមហ៊ុន ក្នុងចំណោម ៣៦ ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការហោះហើរដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូលព្រះរាជាណាចក្រកម្ពុជា (ដោយផ្អែកលើព័ត៌មានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍) ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ជារួម តម្លៃសំបុត្រយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មានការកើនឡើង។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបន្ថែមតម្លៃសម្រាប់ប្រេងឥន្ធនៈ (Fuel Surcharge = YQ) លើតម្លៃសំបុត្រយន្តហោះមូលដ្ឋាន ដើម្បីស្របតាមការកើនឡើងនៃថ្លៃប្រេងឥន្ទនៈ។ ការដំឡើងតម្លៃ YQ គឺធ្វើ ឡើងតាមដំណាក់ផ្លូវហោះហើរ (អាស្រ័យលើចម្ងាយជិត-ឆ្ងាយ) ជាក់ស្តែងរបស់ក្រុមហ៊ុនអាកាសចរណ៍

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា តួលេខកើនឡើងជាមធ្យម មានដូចជា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំង៤ គឺ K6, KT, KR និង ZA មានការកើនឡើងថ្លៃសំបុត្រយន្តហោះជាមធ្យមភាគ (Airline’s Average): ៥ ទៅ ៣២.៥ ដុល្លារ ដែលគិតជាមធ្យមភាពមានចំនួន ប្រមាណ ២១ ដុល្លារ ក្រុមហ៊ុនអាកាសចរណ៍បរទេសមានការកើនឡើងគិតជាមធ្យមភាព (Airline’s Average) ចំនួន ប្រមាណ ២៨ ដុល្លារ និងសរុបការកើនឡើងជាមធ្យមភាគ (Total Airline’s Average) ប្រមាណ ២៤ ដុល្លារ៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ ប៊ី