វិស័យស្វាយចន្ទីរបស់កម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ខណៈដែលការឡើងថ្លៃប្រេងម៉ាស៊ូត និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផល ចាប់ផ្តើមរំខានដល់ផលិតកម្ម ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីឆៅសកល។
តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងដល់ប្រហែល ៧.១០០ រៀលក្នុងមួយលីត្រ ដែលបង្កើនថ្លៃដើមផលិតកម្មយ៉ាងខ្លាំងសម្រាប់កសិករ។ ការកើនឡើងនៃចំណាយលើប្រេងឥន្ធនៈ បានធ្វើឱ្យកសិករជាច្រើនកាត់បន្ថយសកម្មភាពចាំបាច់នានា ដូចជាការបាញ់ថ្នាំសម្លាប់សត្វល្អិតជាដើម ដោយសារការប្រើប្រាស់ត្រាក់ទ័រ និងឧបករណ៍ផ្សេងៗមានតម្លៃខ្ពស់។
ទន្ទឹមនឹងនេះដែរ បញ្ហាអាកាសធាតុដែលមិនទៀងទាត់ រួមមាន ភ្លៀងខុសរដូវ រយៈពេលត្រជាក់អូសបន្លាយ និងកម្ដៅខ្លាំងរហូតដល់ ៤២ អង្សាសេ កំពុងប៉ះពាល់ដល់វដ្តនៃដំណាំ។ លក្ខខណ្ឌទាំងនេះកំពុងបង្កើនហានិភ័យដល់ការចេញផ្កា ការចេញផ្លែ និងទិន្នផលសរុប ដែលកាន់តែបន្ថែមសម្ពាធលើកសិករ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានមានប្រសាសន៍ថា ផលប៉ះពាល់រួមគ្នានៃអតិផរណាប្រេងឥន្ធនៈ និងសម្ពាធអាកាសធាតុ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករ។
លោកបានលើកឡើងថា៖ «ការឡើងថ្លៃប្រេងម៉ាស៊ូត កំពុងបង្កបញ្ហាដល់កសិកររបស់យើងយ៉ាងខ្លាំង។ កសិករជាច្រើនបានឈប់បាញ់ថ្នាំថែទាំដើមស្វាយចន្ទីរបស់ពួកគេ ព្រោះតម្លៃប្រេងសម្រាប់ត្រាក់ទ័រខ្ពស់ពេក ខណៈពេលដែលពួកគេត្រូវតស៊ូជាមួយអាកាសធាតុដ៏អាក្រក់ផងដែរ»។

ការព្រួយបារម្ភលើការផ្គត់ផ្គង់ រីករាលដាលហួសពីកម្ពុជា
អ្នកសង្កេតការណ៍ឧស្សាហកម្មកត់សម្គាល់ថា ស្ថានភាពនេះមិនត្រឹមតែកើតមានចំពោះកម្ពុជានោះទេ ហើយវាអាចមានផលប៉ះពាល់កាន់តែទូលំទូលាយដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្វាយចន្ទីសកល។ សញ្ញាដំបូងៗបង្ហាញពីការរឹតបន្តឹងនៃបរិមាណគ្រាប់ស្វាយចន្ទីឆៅដែលមានប្រភពពីកម្ពុជា ដែលជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់បណ្តាប្រទេសកែច្នៃធំៗ។
ប្រទេសវៀតណាម ដែលជាអ្នកទិញស្វាយចន្ទីកម្ពុជាដ៏ធំបំផុតមួយ អាចនឹងប្រញាប់ប្រញាល់ដើម្បីដណ្តើមយកការផ្គត់ផ្គង់ដែលមាន ខណៈដែលអ្នកកែច្នៃឥណ្ឌាអាចប្រឈមនឹងការប្រកួតប្រជែងកើនឡើង និងថ្លៃដើមនៃការប្រមូលទិញកាន់តែខ្ពស់។
ការវិវត្តទាំងនេះ ក៏បានបង្ហាញឱ្យឃើញផងដែរថា តើអតិផរណាដែលជំរុញដោយថាមពល កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងដល់ការកំណត់ថ្លៃទំនិញកសិកម្មយ៉ាងដូចម្តេច ដោយបានផ្សារភ្ជាប់ទីផ្សារប្រេងឥន្ធនៈសកល ទៅនឹងថ្លៃដើមផលិតកម្មនៅតាមកសិដ្ឋាន។
ទស្សនវិស័យកើនឡើងសម្រាប់តម្លៃគ្រាប់ស្វាយចន្ទីឆៅ
តាមទស្សនៈពាណិជ្ជកម្ម ការរួមបញ្ចូលគ្នានៃការកើនឡើងថ្លៃដើមធាតុចូល និងការរំខានទាក់ទងនឹងអាកាសធាតុ កំពុងបង្កើតសម្ពាធរុញឱ្យតម្លៃគ្រាប់ស្វាយចន្ទីឆៅ កើនឡើងក្នុងរយៈពេលខ្លី។
អ្នកវិភាគចង្អុលបង្ហាញពីនិន្នាការកាន់តែទូលំទូលាយដែលកំពុងលេចឡើងនៅទូទាំងតំបន់ផលិតកម្មធំៗ៖ ថ្លៃដើមផលិតកម្មកំពុងកើនឡើង ហានិភ័យនៃការផ្គត់ផ្គង់កំពុងកើនឡើង ហើយអ្នកលក់កំពុងបង្ហាញពីភាពរឹងត្អឹងចំពោះតម្លៃ (មិនចង់លក់ក្នុងតម្លៃទាប)។
ខណៈពេលដែលសម្ពាធទាំងនេះនៅតែបន្ត អ្នកចូលរួមក្នុងទីផ្សារកំពុងតាមដានយ៉ាងដិតដល់នូវទស្សនវិស័យផលិតកម្មរបស់កម្ពុជា ដែលអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់តម្លៃស្វាយចន្ទីសកល នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ៕
អត្ថបទ៖ ប៊ី, ប្រភព៖ CAC



