ឆ្នាំ ២០២០-២០២៥ ដំណាំដំឡូងមី មានការកើនឡើងយ៉ាងខ្លាំង

ព្រឹត្តិបត្រ​ពាណិជ្ជកម្ម (iTrade Bulletin) បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា ផលិត​ផល​ដំឡូង​មី​នៅ​កម្ពុជា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​ចាប់​តាំង​ពី​ឆ្នាំ ២០២០ មក​មាន​ផ្ទៃដី​ដាំដុះ​​កើន​ពី ៦៦៣ ៩២៩ ហិកតា ក្នុង​ឆ្នាំ ២០២០ មក​ដល់​ ៧៧៤ ៨៤៣ ហិកតា​ក្នុង​ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖ Million Times

ចំណែក​បរិមាណ​ទិន្នផល​​កើន​ពី ១២,៦៨ លាន​តោន​ ទៅដល់ ១៥,៩៥ លាន​តោន​។ ដំឡូង​មី​ដាំ​ដុះ​នៅ​កម្ពុជា គឺ​ជា​ពូជ​ដែល​មាន​ជាតិ​ម្សៅ​ច្រើន ងាយ​ដាំ ធន់​ជំងឺ និង​ផ្ដល់​ទិន្នផល​ខ្ពស់។ ជា​មធ្យម​ដំឡូង​មី​នៅ​កម្ពុជា​ផ្ដល់​ផល ២០ តោន​ក្នុង​ផ្ទៃដី ១ ហិកតា។ ផ្ទៃដី​ដាំដុះ​ដំឡូងមី​ភាគ​ច្រើន​នៅ​​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ និង​ត្បូងឃ្មុំ។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​កែច្នៃ​ដំឡូងមី ១៦ និង​ក្រុមហ៊ុន​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​លើស​ពី ២០ ក្រុមហ៊ុន។ គិត​ចន្លោះ​ពី​ឆ្នាំ ២០២០ ដល់ ២០២៥ គឺ​ការ​នាំ​ចេញ​ដំឡូង​មី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​ប្រហែល ២០០% ដោយ​ក្នុង​នោះ​ការ​នាំចេញ​ដំឡូង​មី​ស្រស់/ស្ងួត កើន ២១៦% ចំណែក​ម្សៅ​ដំឡូងមី កើន ៧៤%។

កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី​១ ជា​ប្រទេស​នាំចេញ​ដំឡូង​មី​ស្រស់ និង​ស្ងួត ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៦៩០ លាន​ដុល្លារ ដែល​ស្មើ​នឹង ៣៤,៧% នៃ​ចំណែក​ទីផ្សារ​ពិភពលោក។ ជាមួយ​គ្នា​នេះ កម្ពុជា​ស្ថិត​ក្នុង​លំដាប់​ទី៤ ក្នុង​ចំណោម​ប្រទេស​នាំចេញ​ម្សៅ​ដំឡូង​មី ក្នុង​ទឹក​ប្រាក់​ប្រមាណ ២៨ លាន​ដុល្លារ ដែល​ស្មើ​នឹង ០,៩% នៃ​ចំណែក​ទីផ្សារ​ពិភពលោក។ទីផ្សារ​សំខាន់ៗ​​ទទួល​ទិញ​ដំឡូង​មី​ស្រស់ និង​ស្ងួត​របស់​​កម្ពុជា រួម​មាន​វៀតណាម ថៃ ហុងកុង និង​ម៉ាឡេស៊ី។ ចំណែក​ម្សៅ​ដំឡូងមី មាន​ចិន វៀតណាម អាមេរិក ហុល្លង់ កាណាដា សិង្ហបុរី និង​អ៊ីតាលី។

ក្នុង​ព្រឹត្តិបត្រ​ពាណិជ្ជកម្ម​បាន​បន្ថែម​ទៀត​ថា នៅ​ឆ្នាំ ២០៣០ កម្ពុជា​នឹង​អាច​ប្រមូល​ប្រាក់​ពី​ការ​នាំ​ចេញ​ដំឡូងមី បាន ១,២ ពាន់​លាន​ដុល្លារ និង​ម្សៅ​ដំឡូងមី មាន ២៦ លាន​ដុល្លារ​។ ដំឡូងមី​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ផលិតផល​អាហារ​ជាច្រើន​ប្រភេទ ចំណែក​កាកសំណល់​វា​ក៏​ត្រូវ​បាន​យក​ទៅ​កែច្នៃ​ជា​ចំណីសត្វ ជីសរីរាង្គ ថាមពល​ជីវឧស្ម័ន(Biogas) និង​ផលិតផល​ជីវ​បច្ចេកវិទ្យា​មួយ​ចំនួន៕

អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងពាណិជ្ជកម្ម