រាត្រីថ្ងៃ ២៩ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ដែលធ្វើនៅខេត្តក្រចេះ បានបិទបញ្ចប់ជាផ្លូវការក្រោមការចូលរួមពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងទាំង៣ មន្ត្រីរាជការ វិស័យឯកជន សមាគមយុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ២៧ ដល់ថ្ងៃ ២៩ ខែមីនា ឆ្នាំ ២០២៦ មានរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ទទួលបានភ្ញៀវទេសចរសរុប ៣១៧ ៦៨៥ នាក់ ក្នុងនោះទេសចរជាតិ ៣១១ ២៣៧ នាក់ និងភ្ញៀវទេសចរបរទេស ៦ ៤៤៨ នាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ដែរថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ៣ថ្ងៃ ចាប់ពីថ្ងៃ ២៧-២៩ ខែមីនា នៅខេត្តក្រចេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់។ ជោគជ័យនេះ អាស្រ័យដោយការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលធ្វើឲ្យបងប្អូនមានភាពកក់ក្ដៅក្នុងការចេញដើរកម្សាន្ត។
នៅក្នុងពិធីបិទនេះ ក៏មានការប្រគល់-ទទួលទង់ ខេត្តដែលជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១១ គឺខេត្តស្វាយរៀង៕



អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងទេសចរណ៍



